ព្រះសីហនុ៖ «រួមគ្នា សំអាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។ តាមថ្លែង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងវេទិកា«អាកាសធាតុ ឆ្នាំ២០២៤ » នៅខេត្តព្រះសីហនុ។
វេទិកា«អាកាសធាតុ ឆ្នាំ២០២៤» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួម ពីបណ្តាអង្គទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អង្គការជាដៃគូជាតិ-អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍តំបន់ការពារធម្មជាតិសរុបប្រមាណ ៥០០នាក់។
កម្ពុជាមិនមែនជាប្រទេសដែលធ្វើឱ្យប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែ កម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើសកលលោកដែរកំពុងតែទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខុមាលភាពមនុស្ស សត្វ រុក្ខជាតិ និង ភពផែនដីរបស់យើង។ ជាការថ្លែងបន្ត លោក អ៊ាង សុផល្លែត។
លោក អ៊ាង សុផល្លែត បានថ្លែងបន្តទៀតថា អ្វីដែលយើងទាំងអស់ត្រូវរួមគ្នា អនុវត្តវិធានការ កាត់បន្ថយ និងការសម្របខ្លួនការកសាង ភាពធន់ នឹងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុតាមរយៈការចូលរួម និងអនុវត្តក្នុងវិស័យទាំង៦ ដែលចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺ ឧស្សាហកម្ម ថាមពល កសិកម្ម គ្រប់គ្រងសំនល់ (ការបំពុលដោយសារធាតុគីមី) ការប្រើប្រាស់ជីវចម្រុះ។
ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ ក្នុងក្របខណ្ឌជាតិក្រសួងបានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ ដោយផ្តោតលើ «ភាពស្អាត បៃតង និងចីរភាព» នៅក្នុងនោះភាពស្អាត មាន៣ គឺស្អាតលើមេឃ លើដី និងក្នុងទឹក។ ជាការថ្លែងបន្ថែម រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្ថែមទៀតថា ជាក់ស្តែងភាពស្អាតលើដី ក្រសួងបានដាក់ចេញនូវយុទ្ធនាការ« ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ» ទទួលបានការគាំទ្រពីសាធារណជនទូទាំងប្រទេសប្រមាណ ៩លាន៦សែននាក់ និងយុទ្ធនាការ« កម្ពុជាស្អាត ខ្មែរធ្វើបាន» ទទួលបានការចូលរួមពីសាធារណជន ជាពិសេសសិស្សានុសិស្សប្រមាណ ៣លាននាក់។
បើតាម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងក្របខណ្ឌអន្តរជាតិ យើងបានដាក់ចេញនៅយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងនៅក្នុងកិច្ចប្រជុំមហានុតំបន់មេគង្គដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះក៏បាន អនុម័តនូវក្របខណ្ឌយុទ្ធសាស្រ្តពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថានឆ្នាំ២០៣០ និងសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញ ស្តីពីការត្រៀមបង្ការការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ(GMS)។
លោក បានគូសបញ្ជាក់ថា ជាពិសេសក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិUN ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ កាលពីឆ្នាំ២០២៣ កម្ពុជាបានប្តេជ្ញាចិត្ត ចំនួន៧ចំនុចសំខាន់ៗ រួមមាន៖
១-លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG វិញ
២-អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨
៣-បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយនៅឆ្នាំ២០៣០ ដែលបច្ចុប្បន្នយើងមានប្រមាណ ៦២% រួចមកហើយ ក្នុងនោះ ៤០% បានមកពីថាមពលវ៉ារីអគ្គិសនី
៤-យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹងនិងរាវ
៥-យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជម្រុញជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
៦-បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា
៧-បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)