Register Already an agent ? Login

ពិធីបុណ្យសមុទ្រ លើកទី១១ នឹងធ្វើនៅខេត្តកំពត ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤

កំពត៖ ពិធីបុណ្យសមុទ្រ លើកទី១១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅខេត្តកំត ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី។ បើតាម លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ។

បើតាមប្រជុំនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថា យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ៧៧៥ សជណ.ពទ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ពិធីបុណ្យសមុទ្រ ឯកភាពកំណត់យកខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

លោក បានបន្តថា អនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ដោយគណៈកម្មការទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តកំពត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិល្បករខ្មែរក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ក្រោមប្រធានបទ “អបអរ បេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។

កម្មវិធីបើក ជាផ្លូវការគឺប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ជាការបញ្ជាក់ អភិបាលខេត្តកំពត។

អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖

១-ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤

២-សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ

៣-ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំង សកម្មភាពកម្សាន្តនានាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)