រតនគិរី៖ ផ្លូវជនបទចំនួន ២ខ្សែ មានប្រវែងជាង ៤៧គីឡូម៉ែត្រ គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូ ២ជាន់ និងល្បាយក្រួស។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពាន ១កន្លែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
តាមការចុះពិនិត្យនេះរួមមាន៖
-ខ្សែទី១ ឈ្មោះ កញ្ចាញ-ចាអុង-ហាត់ប៉ក (RK-3) គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រវែងសរុប ៣៨,៦០ គីឡូម៉ែត្រ ក្នុងនោះ ក្រសួងបានដាក់បញ្ចូលក្នុងគម្រោងស្ដារបន្ទាន់របស់មន្ទីរ ប្រវែង ៧ឡូម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងច្រេស ដល់ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
ខ្សែផ្លូវនេះ ត្រូវបានក្រសួងដាក់ជួសជុលជាផ្លូវល្បាយក្រួសប្រវែង ៧គីឡូម៉ែត្រ និងឱ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរីជួសជុលលក្ខណៈបន្ទាន់ជាផ្លូវល្បាយក្រួសប្រវែង ៣គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់មុននឹងលើកកម្រិតផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខណ្ឌគម្រោង NRCIP។
-ខ្សែទី២ គម្រោងស្ថាបនាផ្លូវដីល្បាយក្រួសប្រវែង ៩គីឡូម៉ែត្រ និងបានពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ ១កន្លែងមានប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងគម្រោងទឹកជំនន់។
បន្ទាប់មក លោក រដ្ឋមន្រ្ដី លោក ញ៉ែម សំអឿន លោក ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ព្រមទាំងប្រតិភូ បានទៅពិនិត្យទីតាំងសាងសង់ស្ពាមួយកន្លែងឆ្លងកាត់ អូរទទឹង មានប្រវែង ៣៦ម៉ែត្រ ស្តិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់។
បច្ចុប្បន្ន ទីតាំងនេះមិនទាន់មានស្ពានឆ្លងកាត់នៅឡើយ ដោយប្រជាពលរដ្ឋត្រូវប្រើប្រាស់ទូកដើម្បីចម្លង។ ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោក រដ្ឋមន្ត្រី បានណែនាំ ឱ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានដែក បណ្តោះអាសន្នសម្រាប់សម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋទៅមក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)