មណ្ឌលគិរី៖ ទំនប់អាងទឹកអូរតធិបតី ស្ថិតនៅស្រុកអូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
គម្រោងអភិវឌ្ឍន៍ទំ នប់អាងទឹកអូរ ស្ថិតក្នុងស្រុកអូររាំង ទំនប់លើ និងទំនប់ក្រោមស្ថិត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ៦២លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ ឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ម៉ែត្រគូបក្នុង១ថ្ងៃ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោច ស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥០០០ហិកតា។
កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់ទាំង៣។
មុននឹងឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់ទាំង៣។
បើតាម រដ្ឋលេខាធិការ បានបញ្ជាក់ថា ការចុះពិនិត្យការងារនាពេលនេះ ដើម្បីឱ្យប្រាកដច្បាស់ថាគ្រប់បទបញ្ជា និងការណែនាំរបស់ លោក រដ្ឋមន្ត្រី និងថ្ឋាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងការតុបតែងលម្អបានអនុវត្តរួចរាល់ និងមានលក្ខណៈកាន់តែប្រសើរឡើង។
គូសបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យ ក្នុងខេត្តមណ្ឌលគិរី បានកសាងទំនប់អាងទឹក៖
ទី១-ទំនប់អូរតេ ស្ថិតក្នុងស្រុកអូររាំង មានសមត្ថភាពស្តុកទឹកបានប្រមាណ ១២លានម៉ែត្រគូប, ទី២-ទំនប់លើស្ថិត ក្នុងក្រុងសែនមនោរម្យ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២១ម៉ឺនម៉ែត្រគូប និងទី៣-ទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ មានសមត្ថភាពស្តុកទឹកបានប្រមាណ ២២ម៉ឺនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់បម្រើ លើគ្រប់វិស័យតាមសេចក្តីត្រូវការរបស់ខេត្ត បម្រើឱ្យការផលិតទឹកស្អាត និងការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្ម។
គួរបញ្ជាក់ថា ទំនប់អូរតេ ទំនប់លើ និងទំនប់ក្រោម បានប្តូរឈ្មោះ សម្ដេចតេជោ និងសម្ដេចធិបតី ទី១-ទំនប់អូរតេ ទៅជា ទំនប់អូរតេធិបតី, ទី២-ទំនប់លើ ទៅជា ទំនប់សែនសុខដុម និងទី៣-ទំនប់ក្រោម ទៅជា ទំនប់សែនមនោរម្យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)