ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា-កូរ៉េខាងត្បូង មានទឹកប្រាក់សរុប ៦២៧,៧៤លានដុល្លារ កើន១២,៩% បើធៀបគ្រាគ្នាឆ្នាំ២០២៣ មានចំនួន ៥៥៥,៩៥លានដុល្លារ។ បើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានញ្ជាក់ថា ជាដៃគូពាណិជ្ជកម្មធំទី១៣ របស់កម្ពុជា។
ទំនិញកម្ពុជានាំទៅប្រទេសកូរ៉េ មានទឹកប្រាក់ ២៤២,១៦លានដុល្លារ កើន ១៦,៤% រីឯទំនិញកូរ៉េនាំចូល មានចំនួន ៣៨៥,៥៨លានដុល្លារ កើន ១០,៨%។ នេះបើតាមការបន្ត ទិន្នន័យខាងលើ។
សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញនៃប្រទេសទាំងពីរមានទឹកប្រាក់សរុប ៧១,៤៨លានដុល្លារ កើន ៣៦,៩៤ % ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ មានត្រឹមតែ ៥២,១៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញចំនួន ២៣,៥៧លានដុល្លារ កើន ២៦,៥% និងទំនិញកូរ៉េនាំចូល ៤៧,៩១លានដុល្លារ កើន ៤២,៨%។ បើតាមទិន្នន័យដដែល។
គួររម្លឹកថា ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ ធ្លាក់ចុះ ៣,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។ ទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣% ចំណែក កូរ៉េនាំចូល មានចំនួន ៤៧០,២៥លានដុល្លារ ធ្លាក់ចុះ ១៣,៨%។
ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងកូរ៉េ(CKFTA) ព្រមទាំងទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជនប្រទេសទាំងពីរបានធ្វើឱ្យសកម្មភាពនៃការផ្លាស់ប្តូរទំនិញកើនឡើងជាបន្តបន្ទាប់។ បើតាមការលើកឡើង លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍។
ផលិតផលវាយនភណ្ឌ និងកសិកម្ម គឺជាចំណែកសំខាន់នៃការនាំចេញរបស់កម្ពុជាទៅប្រទេសកូរ៉េ ខណៈទំនិញកូរ៉េនាំមកកម្ពុជា មានដូចជាឧបករណ៍អេឡិចត្រូនិក យានយន្ត ឱសថ គ្រឿងសម្អាងនិងចំណីអាហារ ជាដើម។ ជាការលើកឡើងបន្ត លោក លឹម ហេង បន្តទៀតថា ទោះបីទឹកប្រាក់ដែលកម្ពុជានាំទំនិញទៅកូរ៉េមានចំនួនតិចជាងនាំចូល ប៉ុន្តែកម្ពុជាក៏អាចប្រមូលប្រាក់ក្នុងបរិមាណដ៏ច្រើនផងដែរពីប្រទេសកូរ៉េ ក្នុង១ឆ្នាំៗ តាមរយៈការទៅបំពេញការងាររបស់ប្រជាជនខ្មែរនៅទីនោះ។
គួរបញ្ជាក់ផងដែរថា កម្ពុជា-កូរ៉េ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ និងបានចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២។ តាមរយៈ កិច្ចព្រមព្រៀងនេះកូរ៉េបានសន្យាលុបបំបាត់ពន្ធ ៩៥,៦%នៃបន្ទាត់ពន្ធរបស់ខ្លួនសម្រាប់ទំនិញពីកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)