កំពង់ចាម-ព្រៃវែង-ត្បូងឃ្មុំ៖ គណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសដោយបានឯកភាពទទួលយកលទ្ធផលការងារ ១០០% លើគម្រោងស្ថាបនា និងស្តារឡើងវិញផ្លូវនៅក្នុងខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំចំនួន ៥ខ្សែ រួមមាន ផ្លូវក្រាលដីល្បាយក្រួស១ខ្សែ ផ្លូវក្រាលកៅស៊ូ DBST ២ខ្សែ និងផ្លូវក្រាលបេតុង ២ខ្សែ។
តាមការទទួលយកផ្លូវទាំង៥ខ្សែនេះ លោក សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម តំណាង រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី ឯក គន្ធវ៉ារី អនុរដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យនិងវាយតម្លៃលើគម្រោងខាងលើខេត្តទាំង៣ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ចូលរួមក្នុងបេសកកម្មនោះ រួមមាន ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ, មន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ផងដែរ។
នៅក្នុងឱកាសនោះដែរ លោក រដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ រដ្ឋមន្ត្រី ជូនចំពោះលោកតា លោកយាយ ពូមីង ព្រមទាំងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវ ដើម្បីរក្សាគុណភាព និងប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា ការត្រួតពិនិត្យ និងវាយតម្លៃការងារស្តារឡើងវិញផ្លូវចំនួន ៥គម្រោង ដូចខាងក្រោម៖
-គម្រោងទី១ ផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៨,៣០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ, កម្រាស់ ០,២ម៉ែត្រ សាងសង់លូប្រអប់មុខបីចំនួន ១កន្លែង, សាងសង់សំណង់បង្ហៀរទឹក មានលូប្រវែង ៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចំនួន ១កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅចាប់ពីភូមិតារៀម ភូមិអូរពពេល ទៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
-គម្រោងទី២ ផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង ៣,៤០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូប្រអប់មុខបួនចំនួន ១កន្លែង លូមូលមុខមួយចំនួន ៥កន្លែង ស្ថិតនៅភូមិតាមើង ឃុំទួលព្រះឃ្លាំង ទៅភូមិអង្គោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
-គម្រោងទី៣ ផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ មានប្រវែង ៣,៨៥គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ, សាងសង់លូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅភូមិក្រឡាញ់ធំ ទៅភូមិគកធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
-គម្រោងទី៤ ផ្លូវក្រាលបេតុង ចំនួន១ខ្សែ មាន ២កំណាត់ មានប្រវែងសរុប ៩៦០ម៉ែត្រ ទទឹងប្រវែង ៤,៥ម៉ែត្រ និង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
-គម្រោងទី៥ ផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង ១,៨០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ, កម្រាស់ ០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិក្តុលកណ្តាល ទៅភូមិក្តុលលើឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
សូមបញ្ជាក់ផងដែរថា គណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ និងអ្នកបច្ចេកទេសដោយបានឯកភាពទទួលយកលទ្ធផលការងារ ១០០% ចំពោះគម្រោងទី១ និងទទួលយកការបញ្ចប់សុពលភាព ចំពោះគម្រោងទី២ទី៣ ទី៤ និងគម្រោងទី៥ តាមការស្នើសុំរបស់អ្នកទទួលការ៕
ដោយ៖ មឿន ឌីណា (Moeun Dya)