កំពត៖ គម្រោងស្ថាបនាផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន ៤ខ្សែ មានប្រវែងសរុប ២២,០៦១គីឡូម៉ែត្រ នៅខេត្តកំពត បានសម្រេចតាមដំណាក់កាលនីមួយៗគឺ៨០% និង១០០%។ បើតាម លោក អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានដឹកនាំក្រុមទីប្រឹក្សាបច្ចេកទេសគម្រោង និងមន្ដ្រីបច្ចេកទេសមន្ទីរទៅពិនិត្យវឌ្ឍនភាព។
តាមការចុះពិនិត្យនេះ មានការចូលរួមពី លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ អនុរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខ ពីសំណាក់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ សម្តេចប៊ុន រ៉ានី និងសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
ប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ បានថ្លែងអំណរគុណជូនចំពោះ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ដែលបានផ្តល់ផ្លូវកៅស៊ូ២ជាន់ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តការអភិវឌ្ឍបន្ថែមទៀតឥតឈប់ឈរ។
គួរបញ្ជាក់ថា កំណាត់ផ្លូវទាំង៤ខ្សែនេះរួមមាន៖
- ខ្សែទី១ មានប្រវែង ៣,៨១៧គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំស្នាយអញ្ជិត ឃុំស្រែក្នុង ឃុំស្រែសំរោង ស្រុកជុំគិរី ដែលលទ្ធផលសម្រេចបានប្រមាណ ១០០%។
- ខ្សែទី២ មានប្រវែង ៥,២៨១គីឡូម៉ែត្រ ស្ថិតនៅឃុំដំបូកខ្ពស់សំរោងលើ ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស ដែលលទ្ធផលសម្រេចបានប្រមាណ ១០០%។
- ខ្សែទី៣ មានប្រវែង ៦,៣៩៥គីឡូម៉ែត្រ ស្ថិតនៅឃុំដំណាក់ ឃុំសុក្រំ ឃុំទទុង ស្រុកដងទង់ ដែលលទ្ធផលសម្រេចបានប្រមាណ ៨២,៥០%
- ខ្សែទី៤ មានប្រវែង ៦,៥៦៨គីឡូម៉ែត្រ ស្ថិតនៅឃុំមានរិទ្ធ ស្រុកដងទង់ ដែលលទ្ធផលសម្រេចបានប្រមាណ ៨២,៥០%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)