កោះកុង៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ សម្រេចវឌ្ឍនភាព ៦៥,៨៥%។ បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើគ្មានការប្រែប្រួលទេ ការងារអ៊ុត AC នឹងត្រូវបញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ ដែលជាវឌ្ឍនភាពខ្សែផ្លូវដ៏សំខាន់ និងមានសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម។ តាមការបញ្ជាក់ ក្រសួងដឹកជញ្ជូន។
ផ្លូវជាតិលេខ៤៨នេះ ប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និងផ្លូវ៤គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់២១.៥ម៉ែត្រ។
កំណត់ផ្លូវនេះមានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះប្រវែង ១២២.៩គីឡូម៉ែត្រ មានចំនួនពីរគន្លងប្រវែង ២៥,១គីឡូម៉ែត្រ មានចំនួន ៤គន្លង លើទីតាំងចំនួន៤ រួមមានគឺ៖
១-ប្រវែង ១២គីឡូម៉ែត្រ (គ.ម ០+០០០-គ.ម ១២+០០០) ២-ប្រវែង ៣,៤គីឡូម៉ែត្រ (គ.ម ៥៧+៧០០- គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១(Realignment) ៣-ប្រវែង ៤,២គីឡូម៉ែត្រ (គ.ម១២៤+៤០០-គ.ម១២៨+៦០០) ចំណុច ចំណោតតាតៃ និងជាកន្លែងប្តូរខ្សែផ្លូវថ្មីទី២ (Realignment) និង៤-ប្រវែង ៥,៥គីឡូម៉ែត្រ(គ.ម ១៤២+៥០០-គ.ម ១៤៨+០៣៨) ទទឹងផ្លូវ ១១ម៉ែត្រ (ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ (៤គន្លង) ក្រាលបេតុងកៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ) បេតុងសរសៃដែក (២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ។
គម្រោងផ្លូវនេះ មានតម្លៃទឹកប្រាក់ប្រមាណ ៦៥,១៤លានដុល្លារ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។
គួរបញ្ជាក់ថា គម្រោងផ្លូវជាតិលេខ៤៨នេះ ក៏មានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។
លើសពីនេះ ផ្លូវនេះក៏នឹងជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។
តាមរយៈផ្លូវនេះដែរ ក៏ត្រូវបានភាគីពាក់ព័ន្ធបានចាត់ទុកផងដែរថានឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជាតំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)