សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចំនួន ១៤,៧០០ជើង និងអ្នកដំណើរចេញចូលសរុបប្រមាណ ១.៣២លាននាក់ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមការថ្លែង លោក ម៉ៅ ហាវវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
នៅក្នុងពិធីអបអរសាទរគម្រប់ខួប ១ឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក បានថ្លែងបន្តថា នៅដំណាច់ឆ្នាំ២០២៤ រំពឹងថាអ្នកដំណើរចេញ-ចូលនឹងកើនដល់ ១លាន៥០ម៉ឺននាក់ ខណៈ អាកាសយានដ្ឋានអន្តរជាតិ បានបើកផ្លូវហោះហើរទៅកាន់ ៨ប្រទេស និង១៥ទីក្រុង។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) បានចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋាននៅកម្ពុជា បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យ អាកាសចរណ៍-ទេសចរណ៍-វិនិយោគ ប្រកបដោយចីរភាព និងភាពធន់។ តាមការគូសបញ្ជាក់ លោក ម៉ៅ ហាវវណ្ណាល់។
លោក បានថ្លែងបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបន្តខិតខំពង្រឹងនិងពង្រីកលក្ខណៈសម្បត្តិរបស់ខ្លួនបន្ថែមទៀត សម្រាប់ចាប់យកកាលានុវត្តភាព ដែលមាននៅលើទីផ្សារជាតិ-អន្តរជាតិ ជាពិសេស ការត្រៀមខ្លួនឱ្យបានរួចរាល់នៅចំពោះ មុខបញ្ហាប្រឈមថ្មីៗ ដែលជាបច្ច័យពីកត្តាខាងក្រៅនិងកត្តាខាងក្នុង រួមទាំងអ្វីៗផ្សេងៗ ទៀត ដែលយើងគួរបង្កើតឱ្យមាន។
ត្រូវផ្សព្វផ្សាយទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា ជាជម្រើសល្អមួយ ដែលមិនត្រឹមតែមកទស្សនា និងកំសាន្តប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលមក ដើម្បីបង្កើត និងបង្កើនចំណូលពាណិជ្ជកម្ម, អាជីវកម្ម, កិច្ចប្រជុំ, និងព្រឹត្តិការណ៍ធំៗជាច្រើន។ ជាការបន្ថែមទៀត លោក ម៉ៅ ហាវវណ្ណាល់។
ពិធីនេះ លោក ស៊ូ បូ ប្រធានក្រុមហ៊ុន យុនណាន អ៊ែរអ៊ិនវេសមែន (ខេមបូឌា) អ៊ែរផត មេនេចម៉ិន បានថ្លែងថា ជាមធ្យមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានការហោះហើរចំនួន ៤០ជើងក្នុង១ថ្ងៃ មានអ្នកដំណើរប្រមាណ ៣,៦២០នាក់ អាកាសយានដ្ឋាននេះមានអត្រាធម្មតាខ្ពស់ជាង ៩០%។
លោក បានបន្តថា បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបើកផ្លូវហោះហើរទៅកាន់៨ ប្រទេស និង ១៥ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ដែលបានហោះហើរចំនួន ១៦ខ្សែផ្លូវ ភ្ជាប់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
យើងបានពង្រីកការសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផ្តល់សេវាកម្មពីទូទាំងពិភពលោក មកបើកអាជីវកម្មនៅកម្ពុជា។ ជាការបន្ថែម លោក ស៊ូ បូ បានបន្ថែមទៀតថា បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយតំបន់ និងសន្និសីទអំពីផ្លូវហោះហើរជាច្រើន ដោយបានធ្វើការទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ ដូចជាក្រុមហ៊ុន IndiGo របស់ឥណ្ឌា, អាកាសចរណ៍តួកគី, អាកាសចរណ៍ម៉ាឡេស៊ី, Lion Air របស់ឥណ្ឌូណេស៊ី, Korean Air, Asiana Airlines និង Xiamen Airlines៕
ដោយ៖ មឿន ឌីណា (Moeun Dyna)