កំពង់ចាម៖ ក្រុងកំពង់ចាម សម្រេចបានជោគជ័យថ្មីមួយទៀត នៅក្នុងវិស័យទេសចរណ៍ ដោយបានក្លាយជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។ បើតាមការថ្លែង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
នៅក្នុងពិធីប្រកាសជាផ្លូវការ ក្រុងកំពង់ចាម ក្លាយជាជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ បានថ្លែងបន្តថា ត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ឱ្យស័ក្តិសមនឹងការទទួលបានជ័យលាភីនេះ។
ជាការពិតណាស់ ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាមមួយដែលមាន ការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្ត បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ។ ជាការថ្លែងបន្តទៀត លោក ហួត ហាក់។
លោក រដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ថា ចំពោះជ័យលាភីនេះ ក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក SCAN (Smoke-free Cities Asia Pacific Network) សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ SEATCA (Southeast Asia Tobacco Control Alliance) និងអង្គការសុខភាពពិភពលោក (WHO) ផងដែរ។
នាឱកាសនោះ លោក បានផ្តល់អនុសាសន៍ណែនាំ ដើម្បីធានាបាននិរន្តរភាពទីក្រុងទេសចរណ៍ គ្មានផ្សែងបារីសម្រាប់រដ្ឋបាលក្រុងកំពង់ចាម គឺត្រូវលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ជាប្រចាំ នៅតាមវេទិកា សាធារណៈនានា និងជំរុញឱ្យមានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួត ពិនិត្យថ្នាំជក់ឱ្យបានទូលំទូលាយថែមទៀត ព្រមទាំងបន្តប្រតិបត្តិជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យទេសចរណ៍ និងជាគោលដៅ ទេសចរណ៍ជម្រើសពេញនិយមរបស់ភ្ញៀវទេសចរណ៍។
នាពិធីនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍គ្មានផ្សែងបាវីនេះ នឹងជួយឱ្យខេត្តកំពង់ចាម ជាពិសេស ក្រុងកំពង់ចាមកាន់តែលេចធ្លោ និងភ្ញៀវទេសចរបរទេស។ លើសពីនេះទៀតជ័យលាភីនេះមិនត្រឹមតែបង្កើនភ្ញៀវទេសចរប៉ុណ្ណោះទេ តែក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ក្នុងន័យអភិវឌ្ឍន៍វិស័យទេសចរណ៍ នឹងការគិតគូរពីសុខភាពសាធារណៈ។
លោក អភិបាលខេត្ត ក៏បានប្តេជ្ញាយ៉ាងមុតមាំបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីបន្តជំរុញការអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងបរិស្ថានគ្មានផ្សែងបារីឱ្យបានប្រកបដោយជោគជ័យផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)