ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញស្រូវ-អង្ករទទួលបានទឹកប្រាក់សរុប ១,៤០១.៥៤លានដុល្លារ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា អង្ករចំនួន ៤៤៥ ៩១៣តោន ត្រូវបាននាំចេញតាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥។
ក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បរិមាណអង្ករចំនួន ២២៨ ៧៣១តោន គិតជាទឹកប្រាក់ចំនួន ១៨៦.៦៧លានដុល្លារ, ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១ ៤២៣តោន គិតជាទឹកប្រាក់ចំនួន ៥២.៦៣ លានដុល្លារ, ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៧ប្រទេស បរិមាណចំនួន៨៦ ០៤៣តោន គិតជាទឹកប្រាក់ចំនួន ៥២.២៣លានដុល្លារ។
ជាមួយគ្នានេះ ទៅកាន់គោលដៅ ២៩ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៩ ៧១៦តោន គិតជាទឹកប្រាក់ចំនួន ៤៣.៨៧លានដុល្លារ។
ចំពោះប្រភេទអង្ករ ដែលបាននាំចេញរួមមាន៖ អង្ករក្រអូបចំនួន ៧២.០១%, ប្រភេទអង្ករស ធម្មតា ២២.៥២%, អង្ករចំហ៊ុយ ៣.៣១%, អង្ករសរីរាង្គចំនួន ១.៨២% និងអង្ករផ្សេងៗចំនួន ០.៣៤%។
ក្រៅពីអង្ករ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២តោន ស្រូវសើម គិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦.១៤លានដុល្លារ ក្នុងនោះ ៨៦.៣០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)