ភ្នំពេញ៖ សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។ តាមការថ្លែង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
នាពីធី «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក» នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោកស្រី ចម និម្មល បានថ្លែងបន្តថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងរម្លឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការចរចាដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ព្រមទាំងបើកបង្ហាញនូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក, សមិទ្ធផលសេដ្ឋកិច្ចសង្គម និងពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
បើតាម លោកស្រី បានបន្ថែមថា សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ ១-ច្រកចូលទីផ្សាសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favord Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀតត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត ជាដើម។
-ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ពាន់លានដុល្លារ។
-ការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារ នៅឆ្នាំ២០២៣។
-ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ពាន់លានដុល្លារ នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ពាន់លានដុល្លារអាម៉េរិក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាមបញ្ជាក់ថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។
លោកស្រី បានថ្លែងបន្ថែមទៀតថា ២-ការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់៖ កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។
ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើន រួមមាន៖ ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់វិនិយោគថ្មី ជាដើម។
៣-ការធ្វើពិពិធកម្មការនាំចេញ៖ កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ដែលពីមុន កម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួន ដូចជា សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។
៤-ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱ្យមានប្រសិទ្ធភាព។
៥-ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល៖ សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជានូវសំឡេងមួយក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
៦-ប្រព្រឹត្តិកម្មពិសេស និងដោយឡែក៖ ក្នុងនាមជាប្រទេសអភិឌ្ឍតិចតួច កម្ពុជាទទួលផលពីបទបញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមលើនេះ កម្ពុជាទទួលបានច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free Quota-Free), កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ, ប្រព័ន្ធ GSP ពីសហរដ្ឋអាម៉េរិក ជាដើម។
៧-ការកាត់បន្ថយភាពក្រីក្រ៖ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។
៨-ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច៖ កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១។
សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)