កំពង់ធំ៖ វឌ្ឍនភាពការងារស្តារស្ទឹងស្លាប់នៃគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៣៥%។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ លោក រដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរក៏បានអញ្ជើញចុះពិនិត្យស្ថានភាពអាងទឹកស្ទឹងជីនិតស្ថិតនៅក្នុងឃុំព្នៅ ស្រុកសន្ទុក និងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។
បើតាម រដ្ឋមន្ត្រីក្រសួងធនធានទឹក គម្រោងស្តារស្ទឹងស្លាប់មានការងារសំខាន់ៗដូចជា៖ ទី១-ស្ដារស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ មានទំហំបាតក្រោម ២០ម៉ែត្រ មាត់លើ ៦០ម៉ែត្រ មានខ្នងទំនប់សងខាងទំហំ ៦ម៉ែត្រ និងទី២-សាងសង់សំណង់សិល្បការ្យតូចធំប្រមាណ ១១៧កន្លែង។
គម្រោងនេះ មានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទីពីក្រុងស្ទឹងសែន និងតំបន់ជុំវិញ និងបានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការនាំទឹក និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពផ្ទៃដីបង្កបង្កើនផល នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។ តាមការគូសបញ្ជាក់ លោក ថោ ជេដ្ឋា បានបន្ថែមថា គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៣៥%។
បើតាមការក្រសួងធនធានទឹក អាងស្ទឹងជីនិតមានផ្ទៃដី ៨២៣៦គីឡូម៉ែត្រក្រឡា គ្របដណ្ដប់លើផ្ទៃដីខេត្ដចំនួន ៦រួមមាន៖ ខេត្ដកំពង់ធំ ខេត្ដកំពង់ចាម ខេត្ដកំពង់ឆ្នំាង ខេត្ដក្រចេះ ខេត្ដព្រះវិហារ និងខេត្ដស្ទឹងត្រែង។
ក្នុងគោលបំណង ដើម្បីសម្រួលដល់ការប្រើប្រាស់ ក៏ដូចជាការធ្វើដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់សំណង់ស្ទាក់ទឹកចំនួន ២កន្លែង គឺ ទី១-សំណង់បង្ហៀរទំនប់អាងទឹក១មករា ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ដកំពង់ធំ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣៩លានម៉ែត្រគូប និងមានលទ្ធភាពក្នុងការស្រោចស្រពស្រូវប្រំាងប្រមាណ ៩២០០ហិកតា និងស្រូវវស្សា ១៩៥០០ហិកតា និងទី២-សំណង់ស្ទាក់ទឹកស្ទឹងជីនិតព្នៅកងមាស ស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)