ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានគូសបញ្ជាក់នាជំនួបទ្វេភាគីជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត កាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។
នាយករដ្ឋមន្ដ្រីកម្ពុជា-នាយករដ្ឋមន្ត្រីកាណាដា បានជួបប្រជុំទ្វេភាគី នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសដែលថ្នាក់ដឹកនាំកំពូលទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រដ្ឋធានីវៀងចន្ទន៍ នៅប្រទេសឡាវ។
ក្នុងឱកាសនៃជំនួប លោក Justin Trudeau បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចធិបតី និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត កាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។ ជាការគូសបញ្ជាក់ លោក Justin Trudeau។
លោក បានមានប្រសាសន៍ថា ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។
នាបរិយកាសនោះ នាយករដ្ឋមន្ត្រីកាណាដា ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ានបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដាត្រូវបានអនុម័តនាពេលខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវសេចក្ដីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា។
បន្ថែមលើសពីនោះ សម្ដេចនាយករដ្ឋមន្រ្តី បានជម្រាបជូន លោក Justin Trudeau ថា កាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជាដែលការណ៍នេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា ជាដើម។
នាឱកាសនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់វិស័យឯកជន ជាមួយនឹងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញនូវវិធានការលើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)