ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ពីខែមករា-ខែកញ្ញា ឆ្នាំ២០២៤ មានទឹកប្រាក់សរុប ៤០,៩៤ពាន់លានដុល្លារ កើន១៦,៤% បើធៀបនឹងឆ្នាំ២០២៣ មានចំនួន ៣៥,១៦ពាន់លានដុល្លារ។ បើតាម ស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ការនាំចេញទំនិញរបស់កម្ពុជាមានចំនួន ១៩,៨៣ពាន់លានដុល្លារ កើន១៧% ពីចំនួន ១៦,៩៤ពាន់លានដុល្លារ និងទំនិញនាំចូលពីក្រៅប្រទេសមានចំនួន ២១,១ពាន់លានដុល្លារ កើន១៥,៩% ពីចំនួន ១៨,២១ពាន់លានដុល្លារ។ បើតាម ស្ថិតិ GDCE ដដែល។
បើតាម ស្ថិតិ GDCE ដដែល សម្រាប់ពាណិជ្ជកម្មអន្តរជាតិក្នុងខែកញ្ញា ឆ្នាំ២០២៤ គឺមានទឹកប្រាក់សរុប ៤,៤៦ពាន់លានដុល្លារ កើន ១៦,១៨% បើធៀបខែកញ្ញា ឆ្នាំ២០២៣។ ទំនិញកម្ពុជានាំចេញចំនួន ២,២៥ពាន់លានដុល្លារ កើន ១៩,៨% និងនាំចូល ២,២ពាន់លានដុល្លារ កើន១២,៧%។
គួររម្លឹកផងដែរថា ឆ្នាំ២០២៣ ទឹកប្រាក់ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានសរុបជាង ៤៦,៨៣ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះ កម្ពុជានាំចេញជាង ២២,៦៤ពាន់លានដុល្លារ កើន១,៨% និងនាំចូលមកវិញជិត ២៤,១៨ពាន់លានដុល្លារ ធ្លាក់ចុះ ៥%។
ទោះបីស្ថានភាពនយោបាយពិភពលោកក្នុងពេលនេះមិនទាន់ល្អ ប៉ុន្តែកម្ពុជាមានសក្តានុពលគ្រប់គ្រាន់ក្នុងការពង្រីកការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួនកាន់តែប្រសើរ។ បើតាមភ្នំពេញប៉ុស្តិ៍ស្រង់សំដី លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន។
លោក ឡោ វិចិត្រ បានបញ្ជាក់ថា មូលហេតុធំៗដែលជួយឱ្យកម្ពុជាអាចរក្សាបានកំណើនពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងអាចទាក់ទាញបានការវិនិយោគថ្មីៗ និងគម្រោងពង្រីកអាជីវកម្មជាបន្តបន្ទាប់ គឺដោយសារ កម្ពុជាមានស្ថិរភាពនយោបាយល្អ តម្លៃប្រាក់ឈ្នួលពលកម្មសមរម្យ ច្បាប់វិនិយោគ ព្រមទាំងច្បាប់ពន្ធដារ និងគយ មានលក្ខណៈអនុគ្រោះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)