កណ្តាល-ព្រៃវែង៖ វឌ្ឍនភាពគម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយមេសន្លុង ស្ថិតក្នុងខេត្តកណ្តាល សម្រេចបានប្រមាណ៩៥% និងការងារស្តារប្រឡាយមេស្តៅកោង(ជំហានទី២) ស្ថិតក្នុងខេត្តព្រៃវែង សម្រេចបាន ១០០%។
លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពគម្រោងខាងលើ។
បើតាម លោក ប៊ុន ហ៊ាន គម្រោងស្ថាបនាលើកកម្រិតខ្នងភ្លឺប្រឡាយមេសន្លុងស្ថិតក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក បានគូសបញ្ជាក់ថា ប្រឡាយមេនេះអាចស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ២៥០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ១៥០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ១៥០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១០ហិកតា ជូនប្រជាពលរដ្ឋប្រមាណ ២ ៥២១គ្រួសារ ក្នុងចំនួន ៦ភូមិ នៃឃុំសន្លុង ស្រុកខ្សាច់កណ្តាល។
លើកកម្រិតខ្នងភ្លឺប្រឡាយមេសន្លុងចាស់ប្រវែង ៣ ៥៤០ម៉ែត្រ និងទី២-សាងសង់សំណង់បេតុងពីលើខ្នងភ្លឺប្រឡាយមេសន្លុងប្រវែង ៣ ៥៤០ម៉ែត្រ គិតមកដល់ពេលនេះការងារសម្រេចបានប្រមាណ ៩៥%។ ជាការន្ថែម លោក ប៊ុន ហ៊ាន។
ចំណែក ប្រព័ន្ធធារាសាស្រ្តប្រឡាយមេស្ដៅកោង ជាប្រឡាយចាស់ដែលមានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងតភ្ជាប់ចរន្តទឹកពីប្រឡាយមេវ៉ៃគោ ប្រឡាយមេព្រៃចំការ អូរព្រៃឃ្នេស និងប្រឡាយមេស្ពឺ មកធ្វើការស្រោចស្រព បន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៣៨០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៣២០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៣២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន១០ហិកតា ជូនប្រជាពលរដ្ឋប្រមាណ ៤២០គ្រួសារ ក្នុងចំនួន ៤ភូមិ នៃឃុំស្ពឺ(ខ) និងឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ តាមការបន្ថែមទៀត រដ្ឋលេខាធិការ។
បើតាម រដ្ឋលេខាធិការ ការងារស្តារប្រឡាយមេស្តៅកោង(ជំហានទី២) រួមមាន ទី១-ស្តារប្រឡាយមេស្តៅកោងប្រវែង ៤ ៦៥០ម៉ែត្រ និងទី២-សាងសង់សំណង់សិល្បការ្យចំនួន ១៤កន្លែង គិតមកដល់ពេលនេះការងារសម្រេចបាន ១០០%។
ក្នុងឱកាសនោះ រដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងឱ្យបន្តយកចិត្តទុកដាក់លើគុណភាព សោភ័ណភាពឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹកបន្តចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាសមិទ្ធផលនេះឱ្យមាននិរន្តរភាពសម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)