Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ផ្លូវជនបទ ខេត្តត្បូងឃ្មុំ ប្រវែងសរុប ៥៩.៦គ.ម សម្រេចបានលទ្ធផលជារួមប្រមាណ ២០,៩៧%

ត្បូងឃ្មុំ៖ គម្រោង RCIP ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) នៅខេត្តត្បូងឃ្មុំចំនួន ៤ខ្សែ មានប្រវែងសរុប ៥៩.៦គីឡូម៉ែត្រ សម្រេចបានលទ្ធផលជារួមប្រមាណ ២០,៩៧%។

លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាង រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ផេង សំបូរ ប្រធាននាយកដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ (RCIP) បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត គម្រោង RCIP នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

បន្ទាប់ពីការចុះពិនិត្យវឌ្ឍនភាពរបស់គម្រោង RCIP លោក ចាន់ ដារ៉ុង បានបន្ត ចុះពិនិត្យស្ថានភាពនៃការខូចខាតជាក់ស្តែងលើកំណាត់ខ្សែផ្លូវបេតុងមួយខ្សែ TB4 (បារាយណ៍-ស្ទឹងគគីរ-ភូមិទី៥) ប្រវែង ៩.៩៧គ.ម របស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) ហិរញ្ញប្បទានដោយ EDCF ស្ថិតក្នុងឃុំរការខ្នុរ និងឃុំឈូក ស្រុកក្រូចឆ្មារ ដែលរងការខូចខាតដោយគ្រោះមហន្តរាយទឹកជំនន់ទន្លេមេគង្គ។

តាមការចុះពិនិត្យ ផ្លូវទាំង ៤ខ្សែ

ខ្សែទី១ TBK 21 (ផ្លូវជាតិលេខ៧-បង្គៅ-ចំបក់) ប្រវែង ១២,៧គ.ម ស្ថិតនៅក្នុងឃុំទ្រៀក ស្រុកមេមត់ ជាលទ្ធផលសម្រេចបានប្រមាណ ៣,៥%

ខ្សែទី២ TBK 18 (ព្រះពន្លា-ចំបក់) ប្រវែង ១២,៣គ.ម ស្ថិតនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក និងឃុំនាងទើត ស្រុកតំបែរ ជាលទ្ធផលសម្រេចបានប្រមាណ ៣៦,៣១%

ខ្សែទី៣ TBK 27 (ប្រសែលើ-ចុងអូរ- រកាពប្រាំ) ប្រវែង ២៣,៤គ.ម ស្ថិតនៅឃុំគរ និងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ជាលទ្ធផលសម្រេចបានប្រមាណ ៧,៦២%

ខ្សែទី៤ TBK 13 (រកាពប្រាំ-ក្បាលបឹងសេះ-គោកស្រុក) ប្រវែង ១១,២គ.ម ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ និងឃុំគោកស្រុក ស្រុកតំបែរ ជាលទ្ធផលសម្រេចបានប្រមាណ ៣៦,៤៧%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)