ភ្នំពេញ៖ ក្នុងខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៥ពាន់កន្លែង។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងចំណោម គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះរួមមាន៖
ក-ក្រៅតំបន់សេដ្ឋកិច្ចពិសេស
១.គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកើត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម ១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ២.៥០៥កន្លែង។
ខ-ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១.គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ទីតាំងស្ថិតនៅភូមិសារនៃ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគជាង ៧០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧០៨កន្លែង
២.គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិនណល ទីតាំងស្ថិតនៅភូមិ ត្រពាំងផ្លុង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង
៣.គម្រោងវិនិយោគបង្កើតរោងចក្រផលិតដំឡើង និងបង្គំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុនវិនិយោគជាង ៣៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨.៩១៨កន្លែង
៤.គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិ អាល់កុល និងអាហារគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគជាង ៣៧លានដុល្លា និងអាចបង្កើតការងារបានចំនួន ៥៨កន្លែង
៥.គម្រោងវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន១.១៨៨កន្លែង
៦.គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមេនហាតធេនក្នុងទុនវិនិយោគជាង ២០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈ ពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់៣២,៩២% នៃទុនវិនិយោគសរុប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)