Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់កម្ពុជា បានលើកទឹកចិត្តវិនិយោគិនអាម៉េរិកឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។

តាមការលើឡើង លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ(CSIS) របស់អាម៉េរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីចែករំលែកអំពីព័ត៌មានសក្តានុពលសម្រាប់ការវិនិយោគឯកជននៅកម្ពុជា។

លោក បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចការងារ នាឱកាសនេះរបស់គណៈប្រតិភូកម្ពុជាក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយស្ថានទូតអាម៉េរិក, សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, ក្រសួងពាណិជ្ជកម្ម, និងវិស័យឯកជនជាច្រើនជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក្នុងបុព្វហេតុដើម្បីទាក់ទាញ និងជំរុញវិនិយោគពីសហរដ្ឋអាម៉េរិក និងកាណាដាមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងវេទិកានាឱកាសនេះ លោក បានគូសរំលេចជូនអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ខណៈពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី ក្នុងនោះឯក លោក បានលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាការគូសបញ្ជាក់ លោក ស៊ុន ចាន់ថុល បន្តថា បើទោះបីកម្ពុជាជាប្រទេសតូចមានប្រជាពលរដ្ឋប្រមាណ ១៧លាននាក់ក្ដី ប៉ុន្តែកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេងដែលប្រកបដោយថាមពល ថាមវន្ត និងអាចបង្រៀនបានច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់ ដែលនេះជាសក្តានុពលប្រជាសាស្ត្ររបស់កម្ពុជាជូនដល់វិនិយោគិន។

លោក បានបន្តទៀតថា ការផលិតនៅកម្ពុជាមិនត្រឹមតែអាចផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចផ្គត់ផ្គង់ទីផ្សាររបស់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់(RCEP) ដែលមានប្រជាជនសរុបប្រមាណ២,៣ពាន់លាននាក់, ហើយក្រៅពីនោះកម្ពុជាក៏បានទទួលអត្ថប្រយោជន៍បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការស្តាប់កង្វល់នានារបស់វិនិយោគិន តាមរយៈការបន្តរៀបចំនូវកិច្ចសន្ទនា និងរបៀបវារៈនានា មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាដើម។ តាមការបន្ថែម លោក ស៊ុន ចាន់ថុល។

គួរបញ្ជាក់ថា វេទិកាដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិរបស់អាម៉េរិកនេះ ជាវេទិកាដែលតែងតែអញ្ជើញថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផ្សេងៗគ្នា ថ្លែងសុន្ទរកថាគន្លឹះ ចែករំលែកអំពីព័ត៌មាន និងទស្សនាទាន ទៅកាន់សាធារណជនទូទាំងសកលលោក។ នេះគឺជាលើកទី២ហើយ ដែលលោក ស៊ុន ចាន់ថុល អញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាដែលរៀបចំដោយមជ្ឈមណ្ឌល CSIS។ ការចូលរួមលើកដំបូងកាលពីឆ្នាំ២០១៤កន្លងទៅ ដើម្បីចែករំលែកអំពីព័ត៌មានសក្តានុពល និងកាលានុវត្តភាពរបស់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)