ភ្នំពេញ៖ សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន បង្កើនការវិនិយោគនៅកម្ពុជាឱ្យបានច្រើនឡើង ស្របតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ការលើកឡើង សម្តេចប្រធានរដ្ឋសភា នាក្នុងដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនាសួនឧស្សាហកម្មនៅក្រុងសៀងហៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៤។
រាជរដ្ឋាភោបាលកម្ពុជា បានយកចិត្តទុកដាក់និងគាំពារ ដល់អ្នកវិនិយោគទាំងបរទេស និងក្នុងស្រុក តាមរយៈការកសាងច្បាប់ និងការដាក់ចេញនូវយន្តការ លើកទឹកចិត្ត ទាក់ទាញ ប្រកបដោយភាពជាក់លាក់និងបត់បែន។ ជាការគូសបញ្ជាក់ប្រធានរដ្ឋសភាកម្ពុជា។
ប្រធានរដ្ឋសភាកម្ពុជា បានបន្តថា អ្វីដែលសំខាន់នោះគឺកក្តាសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្តេជ្ញាការពារធានាជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទាំងអស់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុវត្តនូវយន្តការសន្ទនាជាមួយវិស័យឯកជនជាប់ជាប្រចាំ តាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគំាទ្រនិងលើកទឹកចិត្តដល់ការធ្វើវិនិយោគដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ ជាការន្ថែម សម្តេចធិការធិបតី ឃួន សុដារី។
គូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូអញ្ជើញទស្សនកិច្ច ក្រុមហ៊ុនធំៗនៅក្រុងសៀងហៃ រួមមាន៖ ក្រុមហ៊ុន TIANMA និងក្រុមហ៊ុន SONGZ, ក្រុមហ៊ុន TIANMA ផលិតគ្រឿងបន្លាស់អេក្រង់ទូរសព្ទ និងអេក្រង់ផលិតផលជាច្រើនទៀត នៅក្នុងឧស្សាហកម្មរថយន្ត សម្ភារៈវេជ្ជសាស្រ្ត, ក្រុមហ៊ុន SONGZ ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់រថយន្ត និងរថភ្លើងល្បឿនលឿន។
បន្ទាប់មកគណៈប្រតិភូ បានអញ្ជើញទស្សនាអគារ Oriental Pearl Tower ដែលជានិមិត្តរូបមួយនៃក្រុងសៀងហៃ ដែលនៅទីនោះ មានការតំាងបង្ហាញរូបភាពពីដំណើរការគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ក្រុងសៀងហៃ កាលពីអតីតកាលផងដែរ។
សូមបញ្ជាក់ថាផងដែរ ក្នុងរយៈពេល១ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគចំនួន ៧,៥៧០លានដុល្លារ កើនជាងឆ្នាំ២០២៣ ចំនួន ១៦១%។ ទន្ទឹមនេះ គម្រោងវិនិយោគទាំងនោះបានបង្កើតការងារចំនួន ៣៤១,០១២ម៉ឺនកន្លែង កើនក្នុងបរិមាណកំណើន ៣៩%។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រភពទុនវិនិយោគចូលមកវិនិយោគនៅកម្ពុជាក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ប្រទេសចិនច្រើនជាងគេ មានចំនួន ៦១%, កម្ពុជាឈរលំដាប់ទី២ មានចំនួន ៣២% ខណៈ សីង្ហបុរីមានចំនួន ៣%, វៀតណាមមានចំនួន ១%, ប្រទេសម៉ាឡេស៊ី ១% និងប្រទេសផ្សេងៗទៀតមានចំនួន ២%។ បើតាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)