ភ្នំពេញ៖ រយៈពេល ៨ ខែនៃឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ាន មានទំហំទឹកប្រាក់ប្រមាណ ១០.៤៩ពាន់លានដុល្លារ កើនឡើង ១១.៨% ធៀបនឹងឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ៩.៣៨ ពាន់លានដុល្លារ។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន ស្មើនឹងប្រមាណ ២៨.៤% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ ៣៦.៩ពាន់លានដុល្លារ។ តាមការបញ្ជាក់ ក្នុងរបាយការណ៍។
នៅក្នុងរបាយការណ៍ ដដែលបានឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែសីហា កម្ពុជាបាននាំចេញផលិតផលចម្រុះទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ ប្រមាណ ៣.៤៣ពាន់លានដុល្លារ កើនឡើង ១០% ពី ៣.១១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ខណៈ ការនាំចូលរបស់ប្រទេសកម្ពុជាពីប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ៧.០៦ពាន់លានដុល្លារ កើនឡើង ១២.៥% ពី ៦.២៧ពាន់លានដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។
ក្នុងអំឡុងពេល ៨ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជាជាមួយអាស៊ានមានចំនួន ២៨.៤% នៃទំហំពាណិជ្ជកម្មសរុប ៣៦.៩ពាន់លានដុល្លារ ហើយដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់ប្រទេសក្នុងអាស៊ានគឺ ប្រទេសវៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ តាមការបញ្ជាក់ របាយការណ៍ ដដែលនេះ។
ដោយឡែក ក្នុងទំនាក់ទំនងដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាននេះដែរ គឺប្រទេសចិន ពោលប្រទេសកម្ពុជាចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១ (ថ្ងៃទី២៤-២៨ ខែកញ្ញា) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅជំរុញឱ្យពាណិជ្ជករ និងអ្នកវិនិយោគលើកកម្ពស់ការនាំចេញកសិផលកម្ពុជាបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករ។
គូសបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ គឺជាវេទិកាដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយ ការទូត ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការតំបន់ទូលំទូលាយរវាងចិននិងអាស៊ាន ហើយក៏ជាឱកាសដ៏ល្អមួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងនាមដៃគូពាណិជ្ជកម្ម ក៏ដូចជាផ្សព្វផ្សាយផលិតផលកម្ពុជានៅក្នុងទីផ្សារអាស៊ាន ជាពិសេសប្រទេសចិន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)