ភ្នំពេញ៖ គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យមានតម្លៃ ១៨៤.៩លានដុល្លារ ត្រូវបានប្រកាសដាក់ឱ្យដំណើរការអនុវត្ត។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ក្នុងនោះ ១៦៣លានដុល្លារ ជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ៤,៣លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ ១៧,៦លានដុល្លារ ជាការវិនិយោគពីវិស័យឯកជន។
ខាងលើជាការថ្លែង លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ នាពិធីប្រកាសដាក់ឱ្យដំណើរការអនុវត្តជាផ្លូវការគម្រោងនេះ។
សមាសធាតុទី១ នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់ទាំងនោះ។ ជាការថ្លែងបន្ត លោក ហែម វណ្ណឌី បានបន្តទៀតថា ប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្តប៉ៃលិន និងខេត្តកណ្តាល ក៏អាចទទួលជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីគម្រោងនេះផងដែរ។
លោក ហែម វណ្ណឌី បានលើកឡើងថា ក្រសួងឧស្សាហកម្ម បាននិងកំពុងសហការជាមួយក្រសួងធនធានទឹក ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករទឹកស្អាត ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ប្រភពទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្រសួង ក៏កំពុងសហការជាមួយក្រសួងដឹកជញ្ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកលើបណ្តាញទឹកស្អាតផងដែរ។ ជាការបន្ថែម លោក រដ្ឋមន្រ្តី។
លោក រដ្ឋមន្រ្តី បានបន្ថែមទៀតថា គោលដៅចម្បង គឺអង្គភាពរដ្ឋាករទឹកទាំងអស់ត្រូវមានសមត្ថភាពរឹងមាំក្នុងរយៈពេល៣ ទៅ ៤ឆ្នាំខាងមុខ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលអន្តរាគមន៍ផ្គត់ផ្គង់ទឹកស្អាតតាមគ្រប់រូបភាពនៅតាមតំបន់នានា និងឆ្លើយតបបានតាមតម្រូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ធុរកិច្ច និងទីផ្សារ ក៏ដូចជាវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាជារួម ខណៈ យើងកំពុងវិវត្តឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលពឹងផ្អែកលើឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
គូសបញ្ជាក់ថា គម្រោងនេះ មានគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)