ភ្នំពេញ៖ ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) មានគោលវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។
លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនតំណាងដោយ លោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) ព្រមទាំង លោក WU JINGEN ប្រធានសមាគមសភាពាណិជ្ជកម្ម ចិន-ជាំង ស៊ូ ប្រចាំនៅកម្ពុជា។
បើតាមជំនួបនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គោលបំណងធ្វើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។
អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូ ដែលអញ្ជើញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងវិស័យអាទិភាពខាងលើដោយផ្ទាល់។
ឆ្លៀតក្នុងឱកាសនេះ លោក បានជម្រាបជូនគណៈប្រតិភូអំពីព័ត៌មានចំបាច់មួយចំនួនពាក់ព័ន្ធនឹងកំណើននៃរំហូរការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ពីរបបលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់និងបទដ្ឋានគតិយុត្តនិងគោលនយោបាយនានា ពាក់ព័ន្ធនឹងការវិនិយោគ ដោយបញ្ជាក់ថា សកម្មភាពវិនិយោគលើវិស័យថាមពលស្អាតនេះ ក៏ជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យអាទិភាពក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោក ក៏បានបញ្ជាក់ ជូនគណៈប្រតិភូអំពីការត្រៀមលក្ខណៈរួចជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនវិនិយោគិន ជាពិសេសនិន្នាការក្នុងបរិបទដែលតំបន់និងអន្តរជាតិបាននិងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ជាមួយគ្នានេះ។
នាឱកាសនោះ លោក សរ សិនិរ៉ា បានលើកទឹកចិត្តឱ្យវិនិយោគិនមេត្តាបន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន CGNEI នាពេលបច្ចុប្បន្ន មានគម្រោងថាមពលអគ្គិសនីបៃតងចំនួន ៤៩ គម្រោង ដែលមានភាពរីករាលដាលរហូតដល់ ១៦ ប្រទេសនៅលើពិភពលោក ដែលរួមមាន ប្រទេសម៉ាឡេស៊ី, ប្រទេសកូរ៉េខាងត្បូង, និង ប្រទេស អារ៉ាប់រួម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)