ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន SICHUAN PAN-ASIA INVESTMENT CO., LTD មកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគរបស់កម្ពុជា។ លោក Qiu Ge នាយកប្រតិបត្តិក្រុមហ៊ុននេះ បានបញ្ជាក់ថា ទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-នុស្សាហកម្ម។
បើតាម សេចក្តីប្រកាសព័ត៌មាន CDC លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុន SICHUAN PAN-ASIA INVESTMENT CO., LTD ដឹកនាំដោយលោក Qiu Ge នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដៃគូគីក្រុមហ៊ុន SATANA AGRO PRODUCTS CO., LTD នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគរបស់កម្ពុជាដែលពោរពេញដោយភាពអំណោយផល ហើយស្ថានភាពវិនិយោគច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាបច្ចុប្បន្នកាន់តែមានភាពបើកចំហ តម្លាភាព និងភាពអាចប៉ាន់ប្រមាណទុកជាមុនបាន រួមជាមួយនឹងកញ្ចប់ លើកទឹកចិត្តឆ្លាតវៃ។
ផ្អែកលើកត្តាអំណោយផលទាំងនេះ រួមជាមួយនឹងកត្តាសុខសន្តិភាព ស្ថិរភាពនយោយនិង សេដ្ឋកិច្ច អគ្គលេខាធិការ ក៏បានលើកឡើងពីការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាក្នុងឧស្សាហកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិត គ្រឿងសង្ហារឹម រោងចក្រផលិតកង់ ដែលឧស្សាហកម្មទាំងនេះមកវិនិយោគជាចង្កោមតែម្តង។
មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Qlu Ge បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អគ្គលេខាធិការ និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា។ លោក បានគូសបញ្ជាក់ថា បានពិនិត្យលើច្បាប់ស្តីពី ការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាឃើញថា ពិតជាមានភាពទាក់ទាញ។
លោក Qlu Ge លើកឡើងឱ្យដឹងថា ក្រុមហ៊ុន SICHUAN មានសកម្មភាពវិនិយោគចម្បងក្នុងវិស័យរ៉ែ ការសាងសង់ប្រព័ន្ធឡូជីស្ទិកនៅបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ដាំដុះ កែច្នៃ លក់)។ លោក បានបញ្ជាក់ទៀតថា ទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-នុស្សាហកម្ម។
ជាការឆ្លើយតប លោក ជា វុទ្ធី បានស្វាគមន៍តម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជម្រាបជូនគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា ដោយការសហការជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) បានរៀបចំសេចក្តីព្រាងក្របខណ្ឌរួមស្តីពីកញ្ចប់លើកទឹកចិត្តសម្រាប់សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងពន្លឿនការវិនិយោគឯកជនក្នុងឧស្សាហកម្មកែច្នៃដែលផ្តល់តម្លៃបន្ថែមដល់កសិផលកម្ពុជា។
ក្នុងន័យនេះ លោក បានជំរុញឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកផលចំណេញរួមគ្នា ហើយថ្នាក់ដឹកនាំរួមទាំងមន្ត្រីទាំងអស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានសេចក្តីសោនស្សរីករាយរង់ចាំផ្តល់ កិច្ចសម្រួលជូនក្រុមហ៊ុន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)