ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជានៅកម្រិត ៥,៨% សម្រាប់ឆ្នាំ២០២៤ និង ៦,០% សម្រាប់ឆ្នាំ២០២៥។ បើតាមការរបាយការណ៍ ADB ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបន្តថា វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។
ការរបាយការណ៍ ADB បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥% សម្រាប់ឆ្នាំ២០២៤។
ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទីននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃដី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះ នឹងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុតដែលបានប្រឈមមុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
របាយការណ៍នេះ គូសបញ្ជាក់ថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
កំណើនការនាំចេញផលិតផលកមន្តសាលដទៃទៀតបានថយមកត្រឹម ១.៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% សម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ការនាំចូលសម្ភារៈ និងឧបករណ៍សំណង់បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
វិស័យកសិកម្ម ត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ២០២៤ និង ១,៣% ក្នុងឆ្នាំ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥,៤% នៅឆ្នាំ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ២០២៥។ ការព្យាករនេះ ត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុបបានកើនដល់ ៩៤,៨% នៃកម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។
លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២,០ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី ២,១ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈ លំហូរវិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឱ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាបនៃវិស័យធនាគារ។
ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះ រួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា ចិន អឺរ៉ុប និងអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុអាក្រក់។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការ ស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
លោកស្រី បានបន្តថា វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈ ការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជាជារួម កម្លាំងចលករទាំងនេះកំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋានសម្រាប់កំណើនរឹងមាំនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)