កណ្តាល៖ ច្រាំងស្ទឹងព្រែកត្នោតដែលបាក់ស្រុតចំនួន បីទីតាំងស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់តាក្ដុល ភូមិបត្តាជី១ និងបត្តាជី២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រវែងបាក់ស្រុតសរុប ៥១៥ម៉ែត្រ បានជួសជុលបន្ទាន់ប្រវែង ៤៣៧ម៉ែត្រ ស្មើនឹង ៨៥%។ បើតាម លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលបន្ទាន់។
បើតាម លោក ផាង វី វឌ្ឍនភាពការងារជួសជុលបន្ទាន់ច្រាំងស្ទឹងព្រែកត្នោតបាក់ស្រុតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ គិតមកទល់ពេលនេះសម្រេចបានប្រវែង ៤៣៧ម៉ែត្រ ស្មើនឹង ៨៥% នៃប្រវែងបាក់ស្រុតសរុប ៥១៥ម៉ែត្រ។
ការងារជួសជុលនេះ គឺបុកស្មាច់ទប់ជម្រាលជើងទេរ និងរៀបបាវខ្សាច់ ដោយក្នុងនោះបានប្រើប្រាស់អេស្កាវ៉ាទ័រចំនួន ៥គ្រឿង រ៉ូឡូ១គ្រឿង ប៊ូដូស័រ១គ្រឿង និងរថយន្ដដឹកចំនួន២០គ្រឿង ហើយតាមការគ្រោងទុកការងារនេះនឹងសម្រេចរួចរាល់១០០% ក្នុងរយៈពេលពេល ១សប្តាហ៍ទៀត។ បើតាមការបន្ត ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម។
គូសបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា អមដំណើរដោយមន្ត្រីបច្ចកទេសក្រសួងនិងមន្ទីរ រួមជាមួយ គួច ចំរើន បានចុះពិនិត្យជាក់ស្តែងស្ថានភាពច្រាំងស្ទឹងព្រែកត្នោតដែលរងការបាក់ស្រុតក្នុងភូមិសាស្ត្រខាងលើ។
លោក ថោ ជេដ្ឋា បានបញ្ជាឱ្យនាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលបន្ទាន់ ដើម្បីបញ្ចៀសការបាក់ដាច់ហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវថ្នល់ និងផ្ទះប្រជាពលរដ្ឋជាដើម ជាពិសេសដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងដើម្បីការពារច្រាំងស្ទឹងនៅមុនពេលទឹកឡើងមកដល់នាពេលដ៏ខ្លីខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)