Register Already an agent ? Login

គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្វាយរៀងវឌ្ឍនភាព៥៤%

ស្វាយរៀង៖ វឌ្ឍនភាព​គម្រោង​ស្តារ​ពង្រីក​សមត្ថភាព​ស្រោចស្រព​ និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្រ្តព្រែកអូរដំរីឆ្លង-ព្រែកថ្មី​ ស្ថិត​ក្នុងឃុំថ្មី​ ឃុំរាជមន្ទីរ​ និងឃុំបន្ទាយក្រាំង​ ស្រុកកំពង់រោទិ៍​​ ខេត្ត​ស្វាយរៀង​ សម្រេចបានប្រមាណ​ ៥៤%។ បើតាម លោក ចាន់​ យុត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ និង​ជានាយកគម្រោង​បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ។

តាមការចុះពិនិត្យគម្រោងនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋលេខាធិការ ​បានបញ្ជាក់​ឱ្យដឹងថា​ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖

ទី​១-ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ

ទី២-ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ

ទី៣-ស្តារប្រឡាយមេប្រវែង ៤,៨៧៦គីឡូម៉ែត្រ

ទី៤-កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី

ទី​៥-ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង

ទី​៦-ជួសជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ទី​៧-សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។​

គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី បាន​ចាប់អនុវត្តកាលពីខែមិថុនា ឆ្នាំ២០២៤ ដោយគ្រោងបញ្ចប់នៅ​ខែមិថុនា ឆ្នាំ២០២៥ មានសក្តានុពលបង្កើនការស្រោចស្រពលើផ្ទៃដី​បាន​ប្រមាណ ១៦ ២០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣៧២៧គ្រួសារ។ បើតាមការបញ្ជាក់ បន្ត លោក ចាន់ យុត្ថា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)