ភ្នំពេញ៖ គណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងទៀតរបស់រដ្ឋសភា បានជួបប្រជុំគ្នាពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ជាមួយតំណាងរាជរដ្ឋាភិបាល នៅវិមានរដ្ឋសភា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ភាគីរដ្ឋសភាដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ចំណែកភាគីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ប៉េង ពោធិ៍នា បានលើកឡើងក្នុងកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់មាន ១៦ជំពូក និង១១៣មាត្រា រៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍ សាងសង់ ជួសជុល ថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ នៅកម្ពុជា។
លោក បានគូសបញ្ជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត និងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ ដូចខាងក្រោម៖
-គ្រប់គ្រងការអភិវឌ្ឍ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ ព្រមទាំងគ្រប់គ្រងការបូមស្តារ ការស្ដុកឬការរក្សាទុកសំណល់ភក់ ការដឹកជញ្ជូន ការកែច្នៃ ការបោះបង់ ឬការបង្ហូរចោលសំណល់ភក់។
-ធ្វើឱ្យមានសុខដុមនីយកម្មជាមួយនឹងការរៀបចំដែនដី នគរូបនីយកម្ម និងការអភិវឌ្ឍតំបន់លំនៅឋាន តាមរយៈការរៀបចំប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឬស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយបូមប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ដែលអាចបញ្ចៀសរាល់ការជន់លិច និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជនឬប្រជាពលរដ្ឋ។
-រួមចំណែកលើកកម្ពស់ផ្តល់នូវសោភណភាពដល់ទីក្រុង និងទីប្រជុំជននានាឱ្យកាន់តែស្រស់បំព្រង និងអនាម័យបរិស្ថានល្អ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត ដែលនាំមកនូវឱកាសការងារជូនប្រជាពលរដ្ឋ។
-ជំរុញនិងទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ ដើម្បីរួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋក្នុងការអភិវឌ្ឍ សាងសង់ ជួសជុល ថែទាំ និងការធ្វើប្រតិបត្តិការប្រព័ន្ធទឹកកខ្វក់។
-រួមចំណែកលើកតម្កើងសេដ្ឋកិច្ចជាតិ តាមរយៈការកែច្នៃទឹកកខ្វក់ឬទឹកសំណល់នានា ប្រើប្រាស់ឡើងវិញ ដែលសំណល់ក្រោយធ្វើប្រព្រឹត្តកម្មបានផ្ទុកនូវសារធាតុបំប្លែងជាច្រើន ជាពិសេសមេតាន ដែលអាចកែច្នៃប្រើប្រាស់ដើម្បីបង្កើតជាថាមពលអគ្គិសនី។
-រួមចំណែកការពារសុវត្ថិភាពនិងសុខភាពសាធារណៈ តាមរយៈការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអនាម័យទីក្រុងឬទីប្រជុំជន ការពារតំបន់ទឹកសាធារណៈគ្មានការបំពុល ជួយដល់បរិស្ថាន និងកាត់បន្ថយការប្រឈមនឹងបាក់តេរីបង្កជំងឺនានាដល់ប្រជាពលរដ្ឋ ដែលធ្វើឱ្យរដ្ឋអាចកាត់បន្ថយចំណាយថវិកាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលទឹក ការស្តារបរិស្ថានឡើងវិញ និងការព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ដែលជាឱកាសធ្វើឱ្យប្រជាពលរដ្ឋអាចសន្សំថវិកាចំណាយលើការថែទាំសុខភាព ដែលជាមូលដ្ឋានគ្រឹះសំខាន់នៃសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។
-ពង្រឹងសមត្ថភាពស្ថាប័នទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ លើការងារគ្រប់គ្រងរៀបចំផែនការគម្រោងអភិវឌ្ឍន៍ជួសជុល ថែទាំ និងប្រតិបត្តិការប្រព័ន្ធទឹកកខ្វក់។
-ចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ដែលបានយល់ព្រមជាមួយអង្គការសហប្រជាជាតិ ដើម្បីផ្លាស់ប្តូរពិភពលោកឱ្យកាន់តែប្រសើរឡើង តាមរយៈការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)