ព្រះសីហនុ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំផ្នែកឡូជីស្ទីក ជួយឱ្យកម្ពុជាមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំង នាពេលអនាគត។ ជាការថ្លែងបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបន្តថា ការកសាងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងមានភាពអាចប្រកួតប្រជែង ចាំបាច់ត្រូវមានមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ដែលអាចជួយរក្សាលំនឹង និងធានាបាននូវភាពធន់ នៅពេលជួបបញ្ហាសេដ្ឋកិច្ចជាតិ ឬសេដ្ឋកិច្ចសកលឡើងចុះ។
ភាពរឹងមាំនៃហេដ្ឋរចនាសម្ព័ន្ធនឹងជួយឱ្យយើងអាចចាប់យកឱកាសប្រកួតប្រជែងបាននៅពេលដែលដំណើរសេដ្ឋកិច្ចកើនឡើងវិញ ដូច្នេះការកសាងកំពង់ផែទឹកជ្រៅ និងប្រព័ន្ធគមនាគមន៍តភ្ជាប់ ជាផ្នែកសំខាន់បំផុតក្នុងចំណោមការកសាងមូលដ្ឋានសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។ ជាការថ្លែងបន្តទៀត សម្តេចធិបតី ក្នុងពិធីខាងលើ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់សមត្ថកិច្ច ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តបង្កើនកិច្ចសហការល្អ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និងភារកិច្ចក្នុងកិច្ចសហការ និងការសម្របសម្រួល ប្រកបដោយភាពរស់រវើក, សហថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក។
ដើម្បី ជំរុញចលនានៃការអភិវឌ្ឍកំពង់ផែកម្ពុជាជាកំពង់ផែតំបន់ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងសម្រេចឱ្យបានសមិទ្ធផលថ្មីៗបន្ថែមទៀត សំដៅរួមចំណែកដល់ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡាគ្នា។ ជាការបន្ថែម ប្រមុខរាជរដ្ឋាភិបាល។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានគាំទ្រ និងបន្តជួយដល់ការអភិវឌ្ឍលើវិស័យជាច្រើននៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូន និងកំពង់ផែ។
គូសបញ្ជាក់ថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ បានសាងសង់និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចូលចតបានរហូតដល់ ៤៩,២៥% និងនាវាចរណ៍ក្នុងពិភពលោកអាចចូលចតបានកើនឡើងពី ១៨% ទៅ ៣៨%។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែឱ្យឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ននេះ ដែលមានរហូតដល់ប្រមាណ ៧៥ម៉ឺនធីអ៊ីយូ (TEU) ខណៈ សម្ថភាពអាចទទួលកុងតឺន័របច្ចុប្បន្នត្រឹមតែ ៥៥ម៉ឺនធីអ៊ីយូ (TEU) ក្នុង១ឆ្នាំ។
គួរបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី ៣ បន្ថែមទៀត ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកន្លែងផ្ទេរផ្ទុកទំនិញដ៏សំខាន់របស់កម្ពុជា និងជាកំពង់ផែទឹកជ្រៅស្នូលនៅក្នុងតំបន់ ដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញ-ចូល ដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែនៅក្នុងពិភពលោក ដោយពុំមានឧបសគ្គជម្រៅទឹក និងពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗនៅក្នុងតំបន់ ដែលនេះធ្វើឱ្យថ្លៃដឹកជញ្ជូនតាមសមុទ្រនៅកម្ពុជាមានភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗក្នុងតំបន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)