Register Already an agent ? Login

ក្រុមហ៊ុនចិន មានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ

ភ្នំពេញ៖ ក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd. ទស្សនកិច្ចកម្ពុជា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនតំណាងដោយ លោក Zhu Xinyuan ប្រធានប្រតិបត្តិ ក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd.។

បើតាមជំនួបនេះ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោក Zhu Xinyuan បានបញ្ជាក់ក្នុងជំនួបនេះថា ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូដែល អញ្ជើញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងវិស័យអាទិភាពខាងលើ។

លោក សួន សុផល បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាននិងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង។ លោក បានបញ្ជាក់ថា សកម្មភាពវិនិយោគលើវិស័យថាមពលស្អាតមានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោក បានលើកទឹកចិត្តឱ្យសមភាគីមេត្តាបន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)