Register Already an agent ? Login

កម្ពុជា ឆ្ពោះទៅកាន់អធិរាជស្វាយចន្ទី ក្នុងគោលដៅក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក

ភ្នំពេញ៖ កម្ពុជា ឆ្ពោះទៅកាន់អធិរាជស្វាយចន្ទី ក្នុងគោលដៅក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក។

ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។

នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។

ជាយុទ្ធសាស្ត្រនៅក្នុងការសម្រេចនូវមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីឈានទៅសម្រេចទស្សនវិស័យនេះ ។

បន្ថែមពីលើគោលនយោបាយជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដោយរៀបចំចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅក្នុងខេត្តកំពង់ធំ។

ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងក៏នឹងជួយគាំទ្រផ្នែកទុននិងបច្ចេកទេស ដើម្បីធានាថាសហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)