Register Already an agent ? Login

ក្រុមហ៊ុនកូរ៉េ មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា និងបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យបច្ចេកវិទ្យាទំនើប

កូរ៉េ៖ ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ។ ជាការគូសបញ្ជាក់ លោក Kim Jin-pyo អតីតប្រធានសភាកូរ៉េ បានបន្តថា មានបំណងពង្រឹងនិងពង្រីកថែមទៀតនៅផ្នែកសេដ្ឋកិច្ចនិងបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាទំនើប។

តាមការគូសបញ្ជាក់ លោក Kim Jin-pyo នាឱកាស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ដោយបានអញ្ជើញទទួលទានអាហារថ្ងៃត្រង់រៀបចំដោយ លោក Kim នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល។

បើតាមកិច្ចសន្ទនានេះ សម្ដេចតេជោ បានសម្ដែងសេចក្ដីរីករាយដែលមានឱកាសមកចូលរួមពិសាបាយជាមួយនឹង លោក Kim អតីតប្រធានរដ្ឋសភា សាជាថ្មីម្ដងទៀតនៅទីកន្លែងដដែល បន្ទាប់ពីជំនួបកាលពីពេលមុន​។

លោក Kim បានរម្លឹកថា នៅពេលដែល លោក បានធ្វើដំណើរបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជា បានកត់សម្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ សម្ដេចតេជោ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងកូរ៉េ។ លោក បានកោតសរសើរចំពោះ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាពនិងការអភិវឌ្ឍយ៉ាងខ្លាំង។

ក្នុងឱកាសនេះដែរ អតីតប្រធានសភា បានណែនាំជូន សម្ដេចតេជោ នូវ លោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore និង លោក Charles Lee ដែលជាប្រធានក្រុមប្រឹក្សាភិបាល​នៃសាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ (Korea Polytechnics University)។

អតីតប្រធានសភា បានបង្ហាញ លោកទាំងពីររូប ដោយសារមានបំណងពង្រឹងនិងពង្រីកថែមទៀតនៅផ្នែកសេដ្ឋកិច្ចនិងបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាទំនើបអាចធ្វើឡើងនៅកូរ៉េ ឬក៏នៅកម្ពុជា។ លោក Kim បានគូសបញ្ជាក់ថា ចង់ឱ្យពលករកម្ពុជាទទួលការហ្វឹកហ្វឺនបច្ចេកវិទ្យាបច្ចេកទេស ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មដំឡើងរថយន្តប្រើអគ្គិសនីនៅកម្ពុជាសម្រាប់ការនាំចេញ។

លោក បានបន្ថែមថា ជាមួយគ្នានេះដែរ ចង់ឱ្យមានការហ្វឹកហ្វឺនធនធានមនុស្សរបស់កម្ពុជា ដែលអាចបំពេញការងារនៅ កូរ៉េ ដើម្បីទទួលបានបទពិសោធ ហើយក្រោយពេលវិលត្រឡប់ទៅកម្ពុជាវិញ ពួកគេអាច​យកនូវបច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកនៅក្នុងផ្នែកដំឡើងរថយន្តអគ្គិសនី និងផលិតសម្ភារៈសម្រាប់ផលិតរថយន្តដទៃទៀត។ ដោយបានបញ្ជាក់ទៀតថា រថយន្តអគ្គិសនីដែលប្រើបច្ចេកវិទ្យាររបស់កូរ៉េមានគុណភាពល្អ ជាពិសេស​ គុណភាពអាគុយ។

លោកប្រធានក្រុមហ៊ុន Camko Motor និង Camko Infracore បានជម្រាបជូន សម្ដេចថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការ​​នៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់នៅក្នុងកម្ពុជាផង និងការនាំចេញទៅក្រៅប្រទេសផង។ សម្រាប់ដំណើរការរបស់ក្រុមហ៊ុននេះ លោក ​ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញដល់ពួកគេ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានកោតសរសើរនិងបានលើកឡើងថា ពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនីដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាននិងអាកាសធាតុ។ ថ្វីត្បិត នៅកម្ពុជាចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីមិនខ្លាំងតែយើងសង្ឃឹមថាទៅអនាគតការប្រើប្រាស់រថយន្តអគ្គិសនី ដែលមានបច្ចេកវិទ្យាទំនើបនិងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។

សម្ដេចតេជោ និងប្រធានក្រុមហ៊ុន Camko Motor ក៏ដូចជា ប្រធានក្រុមប្រឹក្សាភិបាល​នៃសាកលវិទ្យាល័យពហុបច្ចេកទេសកូរ៉េ ដែលមានសាខា៤២ នៅទូទាំងប្រទេសកូរ៉េ ​បានស្នើនូវជម្រើសបណ្ដុះបណ្ដាលគ្រូជំនាញនៅប្រទេសកូរ៉េ ហើយពេលត្រឡប់មកកម្ពុជាវិញ គ្រូជំនាញទាំងនោះ ​អាចបង្រៀនពលករនៅកម្ពុជាតែម្ដង។

សូមបញ្ជាក់ថា កាលពីខែឧសភា កន្លងទៅនេះ ក្រុមហ៊ុន Camko Motor ក៏បានចូលជួបមួយ សម្ដេចធិបតី បំពេញទស្សនកិច្ច យល់ព្រមឯកភាពឱ្យក្រុមហ៊ុននេះធ្វើការសិក្សា និងលើកទឹកចិត្តឱ្យមានការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា នឹងផ្ដល់ឱកាសឱ្យកម្ពុជាជាទីផ្សារមួយ ដែលមិនត្រឹមតែអាចប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។

ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀត។ ប្រធានក្រុមហ៊ុន នេះ បានសន្យាជាមួយ សម្ដេចតេជោ ថា លោកនឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះដែរ លោក​ Charles Lee មានគម្រោងនឹងបង្កើតវិទ្យាស្ថានពហុបច្ចេកទេសមួយនៅកម្ពុជា ដើម្បីហ្វឹកហ្វឺនពលករជំនាញនៅកម្ពុជា។ ​​សាកលវិទ្យាល័យរបស់លោក បានរួមចំណែកជាប្រវត្តិសាស្រ្ត ដល់ការអភិវឌ្ឍរបស់កូរ៉េ។ បច្ចុប្បន្ននេះ កូរ៉េក៏មានសមត្ថភាពខ្ពស់ក្នុងការដំឡើងរថយន្តដែលមានបច្ចេកទេសខ្ពស់និងក៏មានធនធានមនុស្សល្អៗ។

សម្ដេចប្រធានព្រឹទ្ធសភា ក៏បានណែនាំឱ្យធ្វើការជាមួយ លោក ជា វ៉ាន់ដេត ក៏ដូចជាក្រសួងការងារ និងក្រសួងអប់រំដើម្បីសិក្សាពីលទ្ធភាពហ្វឹកហ្វឺនដែលមានរយៈពេលខ្លី និងរយៈពេលវែង តាមការចាំបាច់ ដោយប្រើប្រាស់នូវសាកលវិទ្យាល័យដែលមានរួចហើយ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារ។ ចំពោះកិច្ចការនេះ សម្ដេច បានប្រគល់ទៅលោក ជា វ៉ាន់ដេត បន្តធ្វើការជាមួយក្រសួងពាក់ព័ន្ធនៅកម្ពុជា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សដែលមានជំនាញខ្ពស់ និងដែលអាចបម្រើការងារទាំងនៅកម្ពុជា និងនៅកូរ៉េនាទីខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)