កូរ៉េ៖ លោក Jung Jun-Ho ប្រធាននិងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន ខណៈ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង ពីព្រោះទីផ្សារកូរ៉េ ត្រូវការនាំចូលផលិតផលជាស្បៀង។
នាឱកាស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ព្រមទាំងចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅកូរ៉េខាងត្បូង រយៈពេល៥ថ្ងៃ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ចូលជួបសម្ដែងការគួរសមពិភាក្សាការងារ។
លោក Jung Jun-Ho បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ហើយបានលើកឡើងថា មានកិត្តិយសខ្លាំងណាស់បានជួប សម្ដេច ដោយសារជាឥស្សរជនកម្ពុជាដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។
លោក បានជម្រាប សម្ដេចតេជោ ថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន។ លោក បានរម្លឹកថា នៅពេលទស្សនកិច្ចរបស់ សម្ដេចធិបតី នៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាង សម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។
លោក Jung Jun-Ho បានលើកឡើងថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនមូលបត្រទទួលស្គាល់ពីអង្គការសហប្រជាជាតិ ទទួលបានអាជ្ញាប័ណ្ណហិរញ្ញវត្ថុដែលផ្ដោតទៅលើបរិស្ថាន។ ក្រុមហ៊ុន SK Securities កំពុងតែអនុវត្តគម្រោងមួយ គឺការអភិរក្សនៅព្រៃកោងកាង ក្នុងខេត្តកំពត ទំហំ៥០ហិកតា នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងបរិស្ថាន។
ក្រុមហ៊ុនកូរ៉េភាគច្រើនបានចាប់អារម្មណ៍ទៅលើប្រទេសជិតខាងកម្ពុជា នៅក្នុងតំបន់អាស៊ាន ក៏ប៉ុន្តែ ក្រុមហ៊ុនរបស់លោក គឺចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានទីតាំងល្អ និងមានធនធានមនុស្ស។ ជាការគូសបញ្ជាក់ថា លោក Jung Jun-Ho បានបន្តថា ក្នុងទិសដៅនេះសុំការគាំទ្រពី សម្ដេចតេជោ ដល់ក្រុមហ៊ុន SK Securities ដែលនឹងអាចឈានទៅដល់ការវិនិយោគនៅកម្ពុជា។
ជាកិច្ចឆ្លើយតប សម្ដេចតេប្រធានព្រឹទ្ធសភា បានអរគុណដល់ក្រុមហ៊ុន SK Securities ដែលបានឱ្យដឹងពីគោលបំណងរបស់ក្រុមហ៊ុនពីការមានវត្តមាននៅកម្ពុជា។ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាត្រូវការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនកូរ៉េ ដោយក្រុមហ៊ុនកូរ៉េភាគច្រើនបានវិនិយោគនៅបណ្ដាប្រទេសជិតខាងកម្ពុជានៅក្នុងអាស៊ាន នៅកម្ពុជាការវិនិយោគនៅមានកម្រិតនៅឡើយ។ ដើម្បីវិនិយោគបានចំគោលដៅ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ ឱ្យសិក្សាលម្អិតថាតើចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគ។
សម្ដេច បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានថ្មី គឺមិនមានការចាំបាច់ក្នុងការធ្វើការសិក្សាទេ ពីព្រោះកម្ពុជា ទើបតែបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប និងត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តកណ្ដាល ហើយក៏មានអាកាសយានដ្ឋាននៅតំបន់មាត់សមុទ្រផងដែរ។
កម្ពុជាត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជា មានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។ តាមការគូសបញ្ជាក់ សម្ដេចតរជោ បន្តថា ដោយទីផ្សារកូរ៉េត្រូវការនាំចូលផលិតផលជាស្បៀង។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ ឱ្យសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង នៅក្នុងផ្នែកឧស្សាហកម្ម កម្ពុជាត្រូវការបច្ចេកវិទ្យាពីកូរ៉េ, ដូច្នេះ កម្ពុជាចង់ទទួលបាននៅបច្ចេកវិទ្យាពីកូរ៉េ។ នៅក្នុងវិស័យមូលបត្រ កម្ពុជាក៏ត្រូវការជំរុញវិស័យនេះផងដែរ ដោយសារសព្វថ្ងៃនេះ មិនទាន់ឃើញមានការរីកចម្រើនខ្លាំងក្លានោះទេ។
សម្ដេចតេជោ បានលើកឡើងថា អាចមិនសមស្របជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក៏ប៉ុន្តែ សុំធ្វើការសិក្សាឱ្យបានលម្អិត ដោយបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានភាពងាយស្រួលច្រើន ដូចជាការបង្កើតក្រុមហ៊ុន មិនតម្រូវឱ្យមានក្រុមហ៊ុនដៃគូក្នុងស្រុក និងជាក្រុមហ៊ុនបរទេស ១00%។ ម្យ៉ាងទៀត កម្ពុជាអនុញ្ញាតឱ្យវិនិយោគិនប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនចាំបាច់មានការប្ដូរ ទៅជារូបិយប័ណ្ណក្នុងស្រុកឡើយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)