Register Already an agent ? Login

កម្ពុជា ពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររនាំចេញទៅទីផ្សារពិភពលោក ២១២គោលដៅ ជាង៦,៦លានតោនអង្ករ

ភ្នំពេញ៖ ក្រៅពីកត្តាទិន្នផល, កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ផ្សារពិភពលោកចំនួន ២១២គោលដៅ លើបរិមាណជាង ៦,៦លានតោនអង្ករ ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២៤។ បើតាមការថ្លែង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ការថ្លែង សម្តេចធិបតី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក “ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព” កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ២០២៤។

រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវ-អង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ ហើយទន្ទឹមនេះ ការនាំចូល បរិក្ខារកសិកម្ម និងគ្រឿងចក្រ សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែង។ ជាការថ្លែងបន្ត សម្តេចធិបតី។

ពិធីខាងលើ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តទៀថា នេះសបញ្ជាក់ឱ្យឃើញថាការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា ទាំងពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជនបានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសយើងជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសដែលមានបទពិសោធន៍ និងកាន់កាប់ទីផ្សារក្នុងរយៈពេលយូរឆ្នាំក៏ដោយ។ ដោយបាន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ រួមទាំងអាណត្តិទី៧នេះ មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ។

រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​ បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន៣ សម្រាប់វិស័យកសិកម្មគឺ ទី១- ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ទី២-ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់ និងទី៣-ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ជាការថ្លែងបន្ថែម សម្តេចធិបតី។

កម្មវិធីគោលនយោបាយទាំង៣នេះ បាននិងកំពុងអនុវត្តយ៉ាងសកម្មដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវ។ ជាការថ្លែងបន្ថែមទៀត សម្តេចធិបតី នាយករដ្ឋមន្ត្រី ចំពោះការអភិវឌ្ឍកសិកម្មទំនើប ក៏បានបង្កើតសហគមន៍ចំនួន៨ ដែលគ្របដណ្តប់លើផ្ទៃដីចំនួនជិត ២.០០០ហិកតា ក្នុងនោះ ក៏មានសហគមន៍សម្រាប់ផលិតកម្មស្រូវផងដែរ។

បើតាម ប្រសាសន៍ សម្ដេចធិបតី សម្រាប់ការបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ ក៏បានជ្រើសរើស និងបណ្តុះបណ្តាលបានចំនួន ២៥០នាក់ រួចហើយ  និងគ្រោងប្រឡងជ្រើសបន្ថែមដល់ចំនួន ១០០០នាក់ នៅឆ្នាំ២០២៥​ ដើម្បី​ពន្លឿនកាលដាក់ពង្រាយមន្រ្តីកសិកម្មសម្រាប់ជួយផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករនៅតាមឃុំ-សង្កាត់ក្នុងការរៀបចំ​ស្តង់ដា​ និងបង្កើន​ប្រសិទ្ធិ​ភាព​ ដែលអាចកាត់បន្ថយថ្លៃដើមផលិត​ និងបង្កើនផលិតភាពដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)