ចិន៖ លោក Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន បានសន្យាចំពោះមុខ លោក ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងគាំទ្រនិងបន្តជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា។
ការសន្យានេះ នាជំនួបកាលពីរសៀលទី៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាស លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងសៀមិន និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
បើតាមជំនូបនេះ អមដំណើរដោយលោកស្រី ឯកអគ្គរាជទូតកម្ពុជាប្រចាំចិន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសកម្ពុជាជាច្រើនរូប បានជួបពិភាក្សាការងារជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន។
ក្នុងជំនួបនេះ គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និងប្រកបដោយលទ្ធផលផ្លែផ្កាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ចិន។
លើកឡើងក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ដែលហុចផលវិជ្ជមានពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។
បន្ថែមពីនេះ “ខ្សែក្រវាត់ និងផ្លូវ” និង “គោលនយោបាយចិនតែមួយ” ក៏ជាប្រធានបទដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជាការន្ត លោក ស៊ុន ចាន់ថុល។
ជាការឆ្លើយតបលើការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល លោក Li Xiaopeng បានសន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេសបន្ថែមដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងគាំទ្រនិងបន្តជំរុញវិនិយោគិនចិនមកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា។
ជាមួយគ្នានេះដែរ លោក Li Xiaopeng បានគូសបញ្ជាក់អំពីក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា-ចិន បានប្រកបដោយចីរភាព។
គូសបញ្ជាក់ផងដែរថា តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដ៏ទៃទៀតត្រូវបានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះបានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)