Register Already an agent ? Login

ធុរកិច្ចអាមេរិក ស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាមេរិក

ភ្នំពេញ៖ លោក Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក ក្នុងជំនួបពិភាសក្សាជាមួយ សម្ដចេធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេសក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិក។

បើតាមជំនួបនេះ កាលពីថ្ងៃទី១០ កញ្ញា ២០២៤ នៅវិមានសន្តិភាព លោក Patrick Murphy បានជម្រាបជូន សម្ដេចធិបតី ថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ មានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥។

លោក គូសបញ្ជាក់ថា មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។

ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ ជាការបន្ថែម លោក Patrick Murphy។

លោក បានបន្ថែមទៀតថា ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិកបានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលជូននិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។

សម្ដេចធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។

នាបរិយាកាសនោះ ប្រមុខរាជរដ្ឋាបាល បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាព ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនាសម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។

ក្នុងឱកាសនោះ សម្ដេចធិបតី បានលើកទឹកចិត្តដល់គណៈប្រតិភូធុរកិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ និងវិស័យសក្ដានុពលផ្សេងៗទៀត នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា សម្ដេចធិបតី នាយករដ្ឋមន្រ្តី ជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)