កូរ៉េ៖ ក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបាលកិច្ច រៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានារបស់កូរ៉េ ចង់វិនិយោគបរធនបាលកិច្ចនៅកម្ពុជា ព្រោះវិស័យនេះរួមចំណែកបានធ្វើឱ្យប្រទេសកូរ៉េ ប្រែក្លាយពី ប្រទេសក្រីក្រទៅជាប្រទេសអភិវឌ្ឍរីកចម្រើន។ ប៉ុន្តែ មានការណែនាំរវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យបរធនបាលនេះ។
ក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» នៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងជំនួបនេះ លោក Oh បានមានប្រសាសន៍ចង់ឱ្យ សម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចធិបតី អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកបានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗជាដើម។
លោកប្រធាន មានប្រសាសន៍រម្លឹកថា កាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកបានទៅសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ នាពេលនោះ ក្រុមហ៊ុនរបស់លោក មិនទាន់ឃើញមានការបានបង្កើតបរធនបាលកិច្ច នៅក្នុងប្រទេសកម្ពុជានៅឡើយនោះទេ។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនរបស់លោក គិតថាប្រទេសកម្ពុជាគួរបង្កើតប្រព័ន្ធបរធនបាលកិច្ចនេះ និងមានគម្រោងទៅវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ជាការបន្ត លោក Oh បានរម្លឹកទៀតថា ប្រទេសកូរ៉េ បានបង្កើតបរធនបាលកិច្ច នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយយកគម្រូពីប្រទេសអឺរ៉ុប។ សព្វថ្ងៃនេះ វិស័យបរធនបាលកិច្ចនៅកូរ៉េរីកចម្រើនជាងនៅអឺរ៉ុបទៅទៀត ហើយរួមចំណែកបានធ្វើឱ្យប្រទេសកូរ៉េ ប្រែក្លាយពីប្រទេសក្រីក្រទៅជាប្រទេសអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
ក្រុមហ៊ុន Mugungwha ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបរធនបាលកិច្ចចំនួន១៤ នៅប្រទេសកូរ៉េ និងស្ថិតនៅក្នុងលំដាប់ខ្ពស់។ ជាការបន្ថែម លោកប្រធាន បានរម្លឹកទៀតថា ប្រទេសកូរ៉េធ្លាប់មានសង្គ្រាមនៅទសវត្សន៍ឆ្នាំ១៩៥០ និង១៩៦០ និង បានអភិវឌ្ឍប្រទេសដូចពេលបច្ចុប្បន្ន និងមានបំណងចែករំលែកបទពិសោធន៍ល្អៗជាមួយនឹងកម្ពុជា។
នាឱកាសនោះ លោកប្រធានក្រុមហ៊ុន សុំអនុសាសន៍ និងការណែនាំរបស់ សម្តេចតេជោ នៅក្នុងវិស័យបរធនបាលកិច្ចនេះ ដោយគិតថា ក្រុមហ៊ុនរបស់លោកអាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានិងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា និងសហការជាមួយក្រុមហ៊ុនឯកជនកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ច។
លោក បានបញ្ជាក់ថា សព្វថ្ងៃនៅកម្ពុជាក្រុមហ៊ុនចំនួន៨ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ច ហើយលោកចង់ចូលរួមចំណែកលើកតម្កើងប្រព័ន្ធសព្វថ្ងៃឱ្យដល់កម្រិតខ្ពស់បន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះលោកប្រធានក្រុមហ៊ុនដែលបានសម្តែងការចាប់អារម្មណ៍លើការទៅវិនិយោគក្នុងប្រទេសកម្ពុជា។ សម្ដេច បានជម្រាបទៅ លោក Oh ថា ប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជាត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមុននេះ មិនទាន់ដំណើរការរលូនទេ។ ប្រព័ន្ធនេះ ដូចប្រព័ន្ធទីផ្សារមូលបត្រ ទោះបីជាបានបង្កើតទៅហើយក្តី គឺពុំមានដំណើរការដោយរលូននោះទេ គឺមានភាពរអាក់រអួលនៅឡើយ។
ក្រោយពីវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ១៩៩៧ ធនាគារមួយចំនួននៅភ្នំពេញបានដូលរលំ ហើយរាជរដ្ឋាភិបាលបានរៀបចំប្រព័ន្ធធនាគារឡើងវិញ ដោយធានាដល់ធនាគារដែលនៅសេសសល់ តែមានភាពរឹងមាំ និងនៅបន្តមកដល់សព្វថ្ងៃនេះ។ ជាការរម្លឹក សម្ដេចតេជោ បានបញ្ជាក់ថា មិននិយាយជំនួសរាជរដ្ឋាភិបាលកម្ពុជាទេ ក៏ប៉ុន្តែសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ និងទៅចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាដែលមានច្បាប់អនុញ្ញាតរួច ហើយត្រូវធ្វើសកម្មភាពឱ្យសកម្ម។ ជាក់ស្តែង វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារមូលប័ត្រ ទាមទារនូវជំនឿទុកចិត្តផ្នែកសេដ្ឋកិច្ច។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបន្ថែមថា អនុសាសន៍នេះ គឺដូចជាក្រុមហ៊ុនរបស់លោក Oh ធ្វើដំណើរចូលក្នុងផ្លូវមួយ ដែលមានអ្នកដំណើររួចហើយ ហើយត្រូវធ្វើដំណើរជាមួយគេឯង កុំឱ្យគ្រោះថ្នាក់។ ប្រទេសកម្ពុជា ពិតជាមានតម្រូវការក្នុងវិស័យនេះដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោ បានស្នើឱ្យក្រុមហ៊ុនទៅពិនិត្យមើលលើការវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យបរធនបាលនេះ។
ពេលទទួល អនុសាសន៍ណែនាំពីប្រធានព្រឹទ្ធសភាកម្ពុជា លោកប្រធានក្រុមហ៊ុន Mugungwha បានមានប្រសាសន៍ថា លោកនឹងបន្តឱ្យក្រុមការងារចុះទៅធ្វើការសិក្សាលម្អិត និងពិគ្រោះយោបល់ជាមួយដៃគូកម្ពុជា និងពិនិត្យមើលការវិនិយោគនៅក្នុងវិស័យផ្សេងៗទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)