Register Already an agent ? Login

កូរ៉េ ស្នើកម្ពុជាសម្រួលដល់ការវិនិយោគរបស់ខ្លួន ខណៈ កម្ពុជាជំរុញឱ្យអ្នកវិនិយោគទុនច្រើនថែមទៀតទៅកម្ពុជា

កូរ៉េ៖ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េ ស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រនិងសម្រួលដល់ការវិនិយោគរបស់ប្រទេសកូរ៉េ ដើម្បីអាចមានលទ្ធភាពនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។ ខណៈ សម្តេចតេជោ សូមឱ្យរដ្ឋាភិបាលកូរ៉េ ជំរុញឱ្យអ្នកវិនិយោគទុនច្រើនថែមទៀតទៅកម្ពុជា។

តាមការស្នើខាងលើរបស់ថ្នាក់ដឹកនាំទាំងពីរ ប្រធានរដ្ឋសភាកូរ៉េ-ប្រធានព្រឹទ្ធសភាកម្ពុជា នាឱកាស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ព្រមទាំងចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

នាជំនួបនេះ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក Woo Won-Shik បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញមកវិមានរដ្ឋសភាកូរ៉េ។

លោក បានអរគុណចំពោះ សម្ដេចតេជោ បានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងការកសាងទំនាក់ទំនងរវាង កូរ៉េ-កម្ពុជា ដោយបានស្ដារនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៧។ លោក សង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនច្រើនថែមទៀតនៅពេលអនាគត។

ប្រធានរដ្ឋសភាកូរ៉េ បានជម្រាប សម្ដេចផងដែរថា កម្ពុជាបានបង្កើតឡើងហើយក្រុមមិត្តភាពព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ជាមួយសភាកូរ៉េ ហើយ លោក សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ការបង្កើតក្រុមមិត្តភាពនេះឡើង ខណៈ កូរ៉េសន្យាថានឹងបង្កើតឡើងនៅពេលឆាប់ឆាប់ខាងមុខនេះ។

ជាមួយគ្នានេះ លោក បានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង កូរ៉េ-កម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង ២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាកន្លងមក។ ជាគូសបញ្ជក់ លោក Woo Won-Shik។

នាឱកាសនោះ ប្រធានរដ្ឋសភាកូរ៉េ ក៏បានស្នើសុំ សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រនិងសម្រួលដល់ការវិនិយោគរបស់ប្រទេសកូរ៉េផងដែរ ដើម្បីអាចមានលទ្ធភាពនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។ លោក បន្តថា ការឯកភាពគ្នាបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ ដែលបានព្រមព្រៀង ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី កាលពីពេលកន្លងមកខាងភាគីកូរ៉េនឹងរៀបចំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យចេញជារូបរាង។

ជាមួយគ្នានេះ កូរ៉េនឹងបន្តដើរតួនាទីសំខាន់ ក្នុងការផ្តល់នូវគម្រោង ODA ដើម្បីគាំទ្រដល់ការរីកចម្រើន និងការរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរថែមទៀត។ ជាការឡើង លោក Woo បានបន្ថែមថា ទន្ទឹមគ្នានេះ ទីភ្នាក់ងារ KOICA របស់កូរ៉េ ក៏បានការចូលរួមចំណែកក្នុងការដោះមីន និងគម្រោងជាច្រើនទៀត នៅពេលបច្ចុប្បន្នក៏ដូចជានៅពេលអនាគត។

ប្រធានរដ្ឋសភាកូរ៉េ បានសម្តែងនូវការរីករាយដោយឃើញថា ទំហំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានការកើនឡើងវិញ បន្ទាប់ពីសម័យកូវីដ ដោយកម្ពុជាមានធម្មជាតិស្រស់ស្អាត មានប្រាសាទបុរាណជាពិសេស គឺប្រាសាទអង្គរវត្ត។ លោកបញ្ជាក់ថា ខិតខំសម្រួលយ៉ាងណាលើកលែងសេវាទេសចរណ៍ជាក្រុម សម្រាប់ប្រជាជនកម្ពុជា មកកាន់ប្រទេសកូរ៉េផងដែរ ហើយសង្ឃឹមថាទំហំទេសចរទៅវិញទៅមកនឹងមានការកើនឡើង។

បន្ថែមពីនេះ លោក បានជម្រាប សម្តេចតេជោ ថា រដ្ឋាភិបាលកូរ៉េ បានខិតខំសម្រួលនិងការពារពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅកូរ៉េជាង ៦ម៉ឺននាក់ ដោយកែសម្រួលលម្អលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងការពារពលករទាំងនោះឱ្យបានត្រឹមត្រូវ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ប្រធានរដ្ឋសភាកូរ៉េ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេច ជាលើកដំបូងក្នុងឋានៈជា អង្គការនីតិបញ្ញត្តិ។

ប្រធានព្រឹទ្ធសភា ក៏បានសម្តែងការរីករាយផងដែរ ចំពោះទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ។ សម្ដេច បានរំឭកផងដែរថា ការផ្តួចផ្តើមឱ្យមានទំនាក់ទំនងឡើងវិញរវាងកម្ពុជា-កូរ៉េ ពិតជាមិនងាយស្រួលឡើយ ពោលគឺបានតស៊ូស្វិតស្វាញនិងខិតខំធ្វើឲ្យទំនាក់ទំនងចាប់តាំងពីឆ្នាំ១៩៩៦មកធ្វើឱ្យទំនាក់ទំនងនេះ មានប្រក្រតីភាពឡើងវិញ ហើយរហូតមកដល់ពេលនេះមានការរីកចម្រើនទាំងក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។

សម្តេចតេជោ បានសម្តែងមោទនភាពថា សម្ដេច ផ្ទាល់បានរួមចំណែក ដល់ការបង្កើតនូវទំនាក់ទំនងនេះហើយពេញចិត្តចំពោះការរីកលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ សម្តេច ក៏បានថ្លែងអំណរគុណកូរ៉េ ដែលបានរួមចំណែក និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ក៏មិនភ្លេចឱកាសក្នុងការសម្ដែងការដឹងគុណ ចំពោះពុំបានបិទច្រកចេញចូលចំពោះកម្ពុជា នៅពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ ដោយរក្សាការហោះហើរធម្មតា ហើយដែលជាច្រកចេញសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសចេញចូលទៅក្នុងប្រទេសកម្ពុជា។

សម្ដេច បានចាត់ទុកថា ការមិនបិទច្រកហោះហើរសម្រាប់កម្ពុជាចេញទៅខាងក្រៅនេះ គឺជាប្រការមួយល្អប្រសើរធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការរីកចម្រើន និងយល់ដឹងគ្នាច្រើនថែមទៀត។ សម្តេចតេ បានសម្ដែងក្ដីសង្ឃឹមថា តាមរយៈការបើកព្រលានយន្តហោះថ្មីនៅសៀមរាប និងគម្រោងបើកព្រលានយន្តហោះថ្មីនៅភ្នំពេញ នាឆ្នាំក្រោយនេះ នឹងជួយពង្រីកថែមទៀតលើទំហំទេសចរណ៍កាន់តែច្រើនថែមទៀត។

នាឱកាសនោះ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះកូរ៉េ ដែលបានផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារ ដែលធ្វើឱ្យការស្នាក់នៅបំពេញការងារ ហើយពេលត្រឡប់ទៅកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

សម្ដេច ក៏បានថ្លែងអំណរគុណផងដែរ និងអបអរសាទរចំពោះការកើនឡើងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មមានការកើនឡើង និងសូមឱ្យរដ្ឋាភិបាលកូរ៉េ ជំរុញឱ្យអ្នកវិនិយោគទុនច្រើនថែមទៀតទៅកម្ពុជា។ បច្ចុប្បន្ន កម្ពុជាមិនគ្រាន់តែឈានដែលពីមុនជាអ្នកនាំចូល ឥឡូវនេះកម្ពុជា មានលទ្ធភាពក្នុងការផលិតដើម្បីនាំចេញផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកថា សម្តេច និងឯកលោក មូន ជេអ៊ីន បានពិភាក្សាគ្នា និងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយពេលនេះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងរដ្ឋាភិបាលកូរ៉េ បានចុះកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ តាមរយៈកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺអាចនឹងចេញជារូបរាង ដែលបង្កលក្ខណៈឱ្យអ្នកវិនិយោគកូរ៉េ ទៅមកវិនិយោគនៅកម្ពុជា មានការកើនឡើងសម្រាប់ធ្វើការកែច្នៃ និងនាំចេញមកកូរ៉េវិញ។

សម្ដេច ក៏បានថ្លែងនូវការអបអរសាទរ និងទន្ទឹងរង់ចាំការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលនឹងឆ្លងទន្លេសាប និងទន្លេមេគង្គ ដែលអាចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះ ក៏សូមថ្លែងអំណរគុណកូរ៉េ ដែលកំពុងបន្តជួយផ្លូវជាតិលេខ៤៨, លេខ២ និងលេខ២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)