Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវ៣ខែ្ស ពីកំពង់ចាម-កំពង់ធំជាង១៧គ.ម ៩៧% ពីកំពង់ចាម-ត្បូងឃ្មុំសរុបជិត២៥គ.ម ៨៥% និង៣០%

កំពង់ចាម៖ គម្រោងស្ថាបនាផ្លូវចំនួន ៣ខ្សែ ពីខេត្តកំពង់ចាម ទៅស្រុកសន្ទុក ខេត្តកំពង់ធំប្រវែង ១៧,៥៥គីឡូម៉ែត្រ វឌ្ឍនភាព ៨៥%, ពីខេត្តកំពង់ចាម ទៅស្រុកតំបែរ ខេត្តត្បូងឃ្មុំប្រវែង ១២,៥០គីឡូម៉ែត្រ វឌ្ឍនភាព ៨៥% និងពីខេត្តកំពង់ចាម ទៅស្រុកពញាក្រែក ខេត្តត្បូងឃ្នុំប្រវែង ១២,៣០០គីឡូម៉ែត្រ វឌ្ឍនភាព ៣០%។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តត្បូងឃ្មុំ អភិបាលរងខេត្តកំពង់ចាម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ៣ខ្សែ។

តាមការចុះពិនិត្យផ្លូវទាំង ៣ខ្សែ រួមមាន៖

ខ្សែទី១-មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% គ្រោងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។

ខ្សែទី២-មានប្រវែង ១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាលទ្ធផលសម្រេចបានប្រមាណ ៨៥% គ្រោងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤ផងដែរ។

ផ្លូវទាំងពីរខ្សែនេះ ជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោងប្រគួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ឥណទានរបស់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ឥណទានឥតសំណងកាត់បន្ថយភាពក្រីក្រជប៉ុន និងឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។

និងខ្សែទី៣-មានប្រវែង ១២,៣០០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិព្រះពន្លា ឃុំកណ្ដោលជ្រុំឆ្ពោះទៅភូមិពង្រ ឃុំនាងទើត ស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ ក្នុងក្របខណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទានធនាគារពិភពលោក ជាលទ្ធផលសម្រេចបានប្រមាណ ៣០%  គ្រោងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានផ្ដាំផ្ញើដល់ក្រុមអ្នកបច្ចេកទេសប្រចាំការនៅការដ្ឋាន ត្រូវជំរុញការស្ថាបនាបានឱ្យបានទាន់ពេលាដែលបានកំណត់និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគំនូសប្លង់បច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូអង្វែង។

លោក ក៏ព្រមទាំងសំណូមពរសុំឱ្យអាជ្ញធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលថ្មីនេះឱ្យបានល្អ ប្រើសប្រាស់បានយូរអង្វែងផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)