មណ្ឌលគិរី៖ ទំនប់អូរតេ ទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី នឹងប្តូរឈ្មោះ សម្ដេចតេជោ និងសម្ដេចធិបតី។ បើតាមការបញ្ជាក់ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម។
លោក ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់ទាំង៣ នៅថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
បើតាម លោក ចាន់ ស៊ីណាត ការដាក់ឈ្មោះទំនប់ទាំង ៣ខាងលើ៖ ទី១-ទំនប់អូរតេ ទៅជា ទំនប់អូរតេធិបតី, ទី២-ទំនប់លើ ទៅជា ទំនប់សែនសុខដុម និងទី៣-ទំនប់ក្រោម ទៅជា ទំនប់សែនមនោរម្យ។
ទំនប់ទាំង៣ មានលទ្ធភាពបង្កើតអាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា។ បើតាម លោក ចាន់ ស៊ីណាត។
លោក បានបញ្ជាក់ទៀតថា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)