Register Already an agent ? Login

គម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ទៅតំបន់កន្ទុយនាគ កម្ពុជា-ឡាវ-វៀតណាម ដំណាក់កាលលទ្ធផលបឋមនៃការសិក្សា

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម) ស្ថិតក្នុងដំណាក់កាល លទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព។ បើតាមកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនេះ ដែលសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។

កិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព ដឹកនាំដោយ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។

បើតាមកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន CRBC បានធ្វើបទបង្ហាញ លើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖

១-ទិដ្ឋភាពទូទៅនៃគម្រោង, ២-ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍, ៣-ផែនការនៃការសាងសង់, ៤-ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវ, ៥-រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប, ៦-ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង ៧-ការសុំមតិយោបល់ ដើម្បីកែលម្អ និងជាធាតុចូលបន្ថែមសម្រាប់ការសិក្សានេះ។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក លោក យិត បុណ្ណា បានលើកជាសំណួរបញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួនទាក់ទងបច្ចេកទេសសាងសង់តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង ការតម្រឹមខ្សែផ្លូវ ការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាដើម ធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះបម្រើឱ្យវិស័យដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ការធ្វើដំណើរប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ។

លើសពីនេះទៅទៀត រដ្ឋលេខាធិការ បានស្នើសុំឱ្យតំណាងក្រុមហ៊ុន CRBC សិក្សាពីលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង និងផ្តល់ជាជម្រើសក្នុងសិក្សាយ៉ាងតិចចំនួន២ សម្រាប់ស្នើសុំយោបល់ឯកភាពពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាម រដ្ឋលេខាធិការ គ្រោងនឹងដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវិភាគ វាយតម្លៃ និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងស្នើសុំយោបល់ឯកភាពពីថ្នាក់ដឹកនាំ សំដៅធានាឱ្យបានថាខ្សែផ្លូវដ៏សំខាន់មួយនេះនឹងផ្តល់ជាឧត្តមប្រយោជន៍ជាតិ និងមានគុណភាពល្អ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)