ភ្នំពេញ៖ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាជំនួបជាមួយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានិងអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
បើតាមជំនួបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងសម្តែងនូវអំណរគុណដល់អាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។
លោក បានគូសបញ្ជាក់ថា ជាក់ស្ដែង មានក្រុមហ៊ុនធំៗរបស់អាម៉េរិកមួយចំនួន ដែលទទួលបានជោគជ័យលើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្ថែមថា ចង់ឃើញឱ្យបានកាន់តែច្រើនថែមទៀត នូវការវិនិយោគពី អាម៉េរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រីភារធារី អំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅ អាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញានេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។
ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស លោក រំពឹងថាការវិនិយោគដោយផ្ទាល់ពី អាម៉េរិក នឹងមានការកើនឡើងនាពេលអនាគត។
ជាការឆ្លើយតបទៅកាន់ លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅ ដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម លោក ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញអំពីវិស័យគន្លឹះ រួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងវិស័យកសិឧស្សាហកម្ម ជាដើម ដែលសុទ្ធសឹងជាវិស័យនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។
បើតាមជំនួបនេះ លោកស្រីភារធារី បានបង្ហាញនូវសុទិដ្ឋិនិយមអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងជូនពរជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យទទួលបានជោគជ័យក្នុងការបេសកកម្មការងារនៅអាម៉េរិកនាពេលខាងមុខ។
បន្ថែមពីនេះ ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រី រំពឹងថាកម្ពុជានិងអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)