Register Already an agent ? Login

គម្រោង២៧ ទុនសរុប៣០៦លានដុល្លារ ទទួលបានការលើកទឹកចិត្ត កម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ គម្រោងចំនួន២៧ ទុនវិនិយោគសរុប ៣០៦លានដុល្លារ ទទួលបានការលើកទឹកចិត្តពី កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សា សម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី៩ ដើម្បីពិនិត្យលើគម្រោងវិនិយោគ និងធុរកិច្ច បានស្នើការលើកទឹកចិត្ត, ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” កាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤។

បើតាមកិច្ចប្រជុំ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន២៧ ក្នុងចំណោម ២៨គម្រោង ទុនវិនិយោគសរុប ៣០៦លានដុល្លារ រួមមាន៖ រោងចក្រកែច្នៃអាលុយមីញ៉ូម, សិប្បកម្មកែឆ្នៃដែក, រោងចក្រផលិតបំពង់ទីបដែក, រោងចក្រផលិតចំណីសត្វ, រោងចក្រផលិតគ្រឿងសង្ហារិម, អគារពហុមុខងារ, គម្រោងអភិវឌ្ឍលំនៅដ្ឋាន, ស្ថានីយ៍សាករថយន្តអគ្គិសនី (EVs), សណ្ឋាគារ និងភោជនីយដ្ឋាន។

បើតាម លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រៅពីការពិនិត្យផ្តល់ការលើកទឹកចិត្ត និងការជំរុញការអនុវត្តវិធានការលើកទឹកចិត្តដល់គម្រោងវិនិយោគនិងធុរកិច្ច ក្រុមការងារក៏កំពុងអនុវត្តវិធានការផ្សេងទៀត ដើម្បីជំរុញសម្ទុះសកម្មភាពវិនិយោគក្នុងខេត្ត រួមមាន៖ ការអនុវត្តយុទ្ធនាការទីក្រុងសុវត្ថិភាព, ការរៀបចំវេទិកាទាក់ទាញការវិនិយោគ, ការសិក្សារៀបចំតំបន់សេដ្ឋកិច្ចពិសេសគំរូកម្រិតខ្ពស់, ការគាំទ្រដល់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម និងការរៀបចំតំបន់អភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះ លោក បានវាយតម្លៃខ្ពស់ ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរ និងអាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាមប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចធិបតី កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន ៦១គម្រោង គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២៤ និងគម្រោងសរុបចំនួន ១១០គម្រោង គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លើសពីគោលដៅសូចនាករ ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីពិសេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)