ក្រចេះ៖ គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%
គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ មានហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖
ទី១-ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ
ទី២-ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ គ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
គួសបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
សូមរម្លឹកផងដែរថា គិតមកដល់បច្ចុប្បន្ន កម្ពុជាមានស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ៦
១-ស្ពានមេគង្គ មានទីតាំងស្ថិតនៅខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងស្ទឹងត្រែងឆ្លងទៅកាន់ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១៧៣១ ម៉ែត្រ និងទទឹង ១៣,៤០ ម៉ែត្រ។
២-ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ កំពុងសាងសង់ ដែលមានប្រវែង ១៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុបជាង ៣៣គីឡូម៉ែត្រ។
៣-ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ភ្ជាប់គ្នារវាងខេត្តកំពង់ចាម និងត្បូងឃ្មុំ មានប្រវែង ១១៣១ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក។
៤-ស្ពានគីហ្សូណា ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទស្ពានបេតុង មានប្រវែង ១៥០០ ម៉ែត្រ និងទទឹង ១៤ម៉ែត្រ។
៥-ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីស្រុកមុខកំពូល ទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១០៦៦ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ។
៦-ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ឆ្លងកាត់ទន្លេមេគង្គក្រោម ភ្ជាប់ពីស្រុកលើកដែក ខេត្តកណ្ដាល ឆ្លងទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាប មានប្រវែង ២២១៥ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ៕
ដោយ៖ មឿន ឌីណា (Moeun Dyna )