ភ្នំពេញ៖ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្ថាបនាផ្លូវតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាងជិត ១៥០០គីឡូម៉ែត្រហើយ។ បើតាមការបញ្ជាក់ សម្ដេចធិបតី ថ្លែងសារបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ផ្លូវនៅតាមបន្ទាត់ខ្សែព្រំដែនត្រូវធ្វើផ្លូវពីរខ្សែ គឺផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវប្រើសម្រាប់ក្រវ៉ាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី។ ជាការបន្ត សម្ដេចធិបតី បានបន្តទៀតថា ផ្លូវខ្សែទី១ គឺផ្លូវសេដ្ឋកិច្ច ដែលធ្វើនៅខាងក្នុង អាចចម្ងាយ ១គីឡូម៉ែត្រ ២គីឡូម៉ែត្រ ឬ៤គីឡូម៉ែត្រ ពីខ្សែព្រំដែន។
សម្ដេចនាយករដ្ឋមន្រ្តី បានបន្ថែមថា ខណៈ ផ្លូវខ្សែទី២ គឺផ្លូវក្រវ៉ាត់ព្រំដែនដែលធ្វើកៀកខ្លាំងនឹងព្រំដែន កន្លែងខ្លះមានចម្ងាយត្រឹម១០ ទៅ ៣០ម៉ែត្រ ពីបង្គោលព្រំដែនប៉ុណ្ណោះ។ តាមរយៈផ្លូវក្រវ៉ាត់ព្រំដែន ប្រជាពលរដ្ឋអាចជិះយានយន្តធ្វើដំណើរមើលឃើញបង្គោលព្រំដែនបានយ៉ាងកៀក។
ប្រមុខរាជរដ្ឋាភិបាល បានឱ្យដឹងថា ជាមួយប្រទេសវៀតណាមចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ បានស្ថាបនាផ្លូវបានប្រវែង ៦៨៥គីឡូម៉ែត្រ លើផែនការសរុប ១០៦៩គីឡូម៉ែត្រ។ ជាមួយថៃពីឆ្នាំ១៩៩៤ ដល់២០២៣ បានកសាងផ្លូវ ប្រវែង ៤៥៥គីឡូម៉ែត្រ លើផែនការសរុបប្រវែង ៥០៩គីឡូម៉ែត្រ។ ជាមួយឡាវពីឆ្នាំ២០១៥ ដល់២០២២ បានកសាងផ្លូវ ប្រវែង ១៧៩គីឡូម៉ែត្រ លើផែនការសរុប ៣៧៧គីឡូម៉ែត្រ។
កាលពីថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្រ្តី បានផ្ដល់គោលការណ៍សម្រាប់រយៈពេល ១០ឆ្នាំ (២០២៤-២០៣៤) ឱ្យបញ្ជាការដ្ឋានកងវិស្វកម្មនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ សម្រេចបញ្ចប់ជំហានទី១ លើការងារបោះបង្គោលខណ្ឌសីមា និងការស្ថាបនាបណ្ដាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែនជាមួយ ថៃ-ឡាវ-វៀតណាម នៅលើទីតាំងដីដែលបានឯកភាពរួចហើយ។
ឥឡូវនេះ យើងអាចធ្វើដំណើរមួយជុំប្រទេសបានតាមរយៈផ្លូវក្រវ៉ាត់ព្រំដែនដោយចេញដំណើរពីខេត្តកោះកុង គ្រាន់តែកន្លែងខ្លះផ្លូវមានការខូចខាតខ្លះដោយអន្លើ ដែលត្រូវធ្វើការជួសជុលតែនិយាយរួមគឺ ៩០% យើងអាចធ្វើដំណើរបាន។ តាមការលើកឡើង លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទពីវឌ្ឍនភាព ៥ឆ្នាំ របស់ក្រសួងការពារជាតិកន្លងទៅ។
លោក បានបន្តថា ការស្ថាបនាផ្លូវតាមក្រវាត់ព្រំដែន ជាយុទ្ធសាស្រ្តក្រៅពីជួយសម្រួលដល់កងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដី ថែមទាំងបានចូលរួមលើកស្ទួយជីវភាពពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនទៀតផង។
គូសបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែសីហាមកដល់ថ្ងៃទី២៩សីហា មានចំនួនមនុស្សបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមកចូលមូលនិធិជិត ២០ម៉ឺននាក់ ជាមួយនឹងទឹកប្រាក់សរុបជាង ១១លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)