Register Already an agent ? Login

គម្រោងសាងសង់ផ្លូវជនបទខេត្តកំពង់ឆ្នាំង ២ខ្សែប្រវែងជាង ៣០គីឡូម៉ែត្រ ប្រភេទ DBST វឌ្ឍនភាពជិត១០០%

កំពង់ឆ្នាំង៖ គម្រោងសាងសង់ផ្លូវជនបទខេត្តកំពង់ឆ្នាំង ២ខ្សែប្រវែងជាង ៣០គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) វឌ្ឍនភាពជិត១០០%។ បើតាមការចុះពិនិត្យដោយ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) អមដំណើរដោយ លោក អ៊ួង ប៊ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង, ក្រុមការងារ SP1 បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ ២ខ្សែ និងស្រះសហគមន៍ចំនួន ២កន្លែង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

តាមការចុះពិនិត្យផ្លូវទាំងពីរខ្សែរួមមាន៖

-ខ្សែទី១ ប្រវែង ១២,៣៣គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានលូប្រអប់ចំនួន ២កន្លែង, លូមុខកាត់ចំនួន ៣៣កន្លែង តភ្ជាប់ពីភូមិមានជ័យ ភូមិអូរតាសេក ភូមិឈើត្រាច និងភូមិកងមាស ស្រុកគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្រេចបានប្រមាណ ៩០,៧២%។

-ខ្សែទី២ ប្រវែង ២០,១៩៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានលូមុខកាត់ចំនួន ៥២កន្លែង តភ្ជាប់ពីភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សម្រេចបាន ៩៩,៦៧%។

ជាមួយគ្នានេះក្រុមការងារក៏បានចុះពិនិត្យ -ស្រះទី១ ស្ថិតនៅភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប្រភេទស្រះក្រាលថ្មបាយអរ និងមានបំពាក់ម៉ាស៊ីនបូមទឹកសូឡា និងអាងចម្រោះទឹកខ្នាតតូច មានទំហំមាត់លើទទឹង ៤២ម៉ែត្រ បណ្តោយ ៦២ម៉ែត្រ ជម្រៅ ៣,៥ម៉ែត្រ។

-ស្រះទី២ ស្ថិតនៅភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានទំហំមាត់លើទទឹង ៦៨ម៉ែត្រ បណ្តោយ ១៣៤ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ ស្រះទាំងពីរបានបញ្ចប់ការសាងសង់ក្នុងអំឡុងខែមីនា ឆ្នាំ២០២៤។

គូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងគ្រប់គ្រងបណ្ដាញផ្លូវជនបទទាំង ៤ប្រភេទ មានប្រវែងសរុបប្រមាណជាង ៥០ ០០០គីឡូម៉ែត្រ ក្នុងនោះ មានផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ DBST ផ្លូវកម្រាលពីបេតុង និងផ្លូវល្បាយក្រួស។

បើតាមក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់ផ្លូវទាំងនេះឱ្យមានគុណភាពបានយូរអង្វែង និងកាត់បន្ថយការចំណាយថវិការបស់ជាតិទៅលើការជួសជុល ក្រសួងបានរៀបចំនូវបទដ្ឋានគតិយុត្ត ឯកសារផ្លូវច្បាប់ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំរិតកំណត់លើបណ្ដាញផ្លូវជនបទនៃកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)