ភ្នំពេញ៖ ស្ពានអណ្តោត បានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែងប្រហែលត្រឹមជាង ១០ម៉ែត្រ ស្ពាននេះត្រូវបានកសាងដើម្បីភ្ជាប់ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃប្រទេសកម្ពុជា។
ស្ពានអណ្តោត ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សា ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែងប្រហែលត្រឹមជាង ១០ម៉ែត្រ។
ស្ពាននេះ ត្រូវបានកសាងដើម្បីភ្ជាប់ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា។
បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់ពោរពេញទៅដោយដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយជាមធ្យោបាយដ៏មានសារៈប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយធ្វើដំណើរឆ្ពោះចេញទៅផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិភាគកណ្តាលនៃប្រទេសកម្ពុជា ។
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃប្រទេសកម្ពុជា
ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទិ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃប្រទេសកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ។
បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)