ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា-ហ្វីលីពីន បានទទួលស្គាល់នូវសក្តានុពល និងកាលានុវត្តភាពដ៏ធំធេង និងបានឯកភាពបង្កើនពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការលើកទឹកចិត្តការប្រាស្រ័យទាក់ទងរវាងធុរកិច្ច និងធុរកិច្ច ក៏ដូចជា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម។ ភាគីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយក្នុងការជំរុញពាណិជ្ជកម្មអង្ករ និងមុខទំនិញដទៃទៀត ព្រមទាំងការអភិវឌ្ឍធុរកិច្ចផ្នែកកសិកម្ម។
តាមការស្គាល់នូវសក្តានុពលនៃប្រទេសទាំងពីរ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន តបតាមការអញ្ជើញរបស់ លោក Enrique A. Manalo រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
លោក សុខ ចិន្តាសោភា បានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេ ភាគីកម្ពុជា-ហ្វីលីពីន (គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន)។
ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ ក្នុងឆ្នាំ២០២១ និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនានាបន្ថែមទៀត។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាញឹកញាប់រវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងបានលើកឡើងអំពីសារសំខាន់ជាយុទ្ធសាស្ត្រនៃជំនួបពីរលើករវាង សម្តេចធិបតី និងប្រធានាធិបតី Marcos ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រដ្ឋមន្ត្រីទាំងពីរបានអបអរសាទរ កិច្ចប្រជុំលើកទី៣ប្រកបដោយផ្លែផ្កានៃគណៈកម្មាធិការចម្រុះសហប្រតិបត្តិការយោធាកម្ពុជា-ហ្វីលីពីន កាលពីឆ្នាំទៅ និងបានឯកភាពពង្រឹងការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព ក៏ដូចជា កិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរគ្នាក្នុងវិស័យវប្បធម៌ និងទេសចរណ៍ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តនូវកំណើនទេសចរណ៍ និងបានឯកភាពរួមគ្នាជំរុញនូវគោលដៅទេសចរណ៍នានា តាមរយៈការខិតខំបង្កើតជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងបញ្ចប់ឱ្យបានឆាប់នូវការពិភាក្សាលើកម្មវិធីអនុវត្តន៍អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០២៤- ២០២៨។
ភាគីទាំងពីរក៏បានឯកភាពពន្លឿនការបន្តសុពលភាពកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ ការលួច និងការជួញដូរខុសច្បាប់នូវទ្រព្យសម្បត្តិវប្បធម៌។
ចំពោះ វិស័យការងារ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ភាគីទាំងពីរបានឯកភាពបន្តឡើងវិញនូវអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើវិស័យការងារ និងទន្ទឹងរង់ចាំមានការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
កិច្ចប្រជុំ បានពិភាក្សាយ៉ាងទូលំទូលាយលើវិស័យដទៃទៀត រួមមាន សុខាភិបាល បច្ចេកវិទ្យា ព័ត៌មាននិងទូរគមនាគមន៍ បរិស្ថាន ការតភ្ជាប់ ការដឹកជញ្ជូន លំនៅឋាននិងនគរូបនីយកម្ម មុខងារ សាធារណៈ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។
រដ្ឋមន្ត្រីទាំងពីរ បានតាំងចិត្តបន្តពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ កិច្ចប្រជុំត្រូវបានបញ្ចប់ដោយការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការ ចម្រុះកម្ពុជា-ហ្វីលីពីន លើកទី៤។ កម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៥ ក្នុងឆ្នាំ២០២៦៕
ដោយ៖ មឿន ឌីណា (Moeun Dyna)