ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល ១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ បើតាមការបញ្ជាក់ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងជញ្ជូន។
បើតាម លោក ផន រឹម បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA)បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់។
លោក បានបន្តថា ដើម្បីភាពប្រាកដនិយមពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង(Details Design)។
គម្រោងនេះ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យា ២៣៥លានដុល្លារ និងមានកិច្ចសន្យាសាងសង់មានរយៈពេល ៦០ខែ។ ជាការបន្តទៀត លោក ផន រឹម។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ, ប្រវែងផ្លូវក្បាលស្ពានសរុប (Approach road) ១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ម៉ែត្រ)។ លោក បានបញ្ជាក់ឱ្យដឹងថា ទីតាំងនៃគម្រោងនេះ គឺស្ថិតនៅផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ ស្តីពីផលប៉ះពាល់បរិស្ថាន និងសង្គម Environmental & Social Impact Assessment (ESIA) ត្រៀមសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
កិច្ចប្រជុំនេះមានការចូលរួមពី អនុរដ្ឋលេខាធិការ មកពីអង្គភាពក្រោមឱវាទក្រសួង តំណាងក្រសួងបរិស្ថាន តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាង Economic Development Cooperation Fund (EDCF) តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុន Yooshin Engineering Co. Ltd. និងមន្ត្រីពាក់ព័ន្ធ ដែលជាសមាជិកគម្រោង ផងដែរ។
ជាលទ្ធផលអង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើរបាយការណ៍ បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិត ចំពោះផលប៉ះពាល់ បរិស្ថាន និងសង្គម (ESIA) នៅក្នុងរាជធានីដើម្បីធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូល និងស្វែងរកដំណោះស្រាយរួមមួយ ព្រមទាំងសម្រេចបានការឯកភាពគ្នាចុងក្រោយ តាមអ្វីដូចបានពិភាក្សាក្នុងកិច្ចប្រជុំ សម្រាប់ភាពច្បាស់លាស់នៅពេលគម្រោងចាប់ផ្តើមសាងសង ហើយត្រូវទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)