ភ្នំពេញ៖ សួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ KUMHO-TECHCROSS Joint Venture បានចុះកិច្ចសន្យាសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាល មាននសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២ ០០០ម៣/ថ្ងៃ ក្រោមហិរញ្ញប្បទានរបស់ធនាគារនីហរ័ណ-អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Cho WanSeok អគ្គនាយកប្រតិបត្តិក្រុមហ៊ុន KUMHO-TECHCROSS Joint Venture បានហត្ថលេខី គម្រោងខាងលើ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ មានការរួមពី លោក គួច ចំរើន អភិបាលខេត្តកណ្តាល មន្រ្តីជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនជាច្រើនរូប។
ពីធីនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។ លោក បានកោតសរសើរ ដល់ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្តកណ្តាល និងអង្គភាពគម្រោង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញដំណើរការគម្រោងនេះ។
ការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ផងដែរ ដោយផ្តោតទៅលើ “ការគ្រប់គ្រង ទុកដាក់ និងកែច្នៃសំរាម និងការពង្រីកបណ្តាញប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រព័ន្ធចម្លោះ និងប្រព្រឹត្តកម្មទឹកកខ្វក់”។ ជាការលើកឡើង លោក ប៉េង ពោធិ៍នា។
លោក បានថ្លែងថា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ក្រសួងបាននិងកំពុងខិតខំប្រឹងប្រែងជំរុញ និងដាក់ចេញនូវយន្តការកែលម្អជាបន្តបន្ទាប់លើការងារអាទិភាព ទាំងនោះរួមមាន៖ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ការងារដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក ជាពិសេស ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ដែលជាការងារអាទិភាពមួយត្រូវបានក្រសួងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវក្របខណ្ឌគតិយុត្ត រួមទាំងផែនការមេសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងគម្រោងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា។
នាឱកាសនោះ លោក បានស្នើសុំដល់ភាគីពាក់ព័ន្ធ ព្រមអាជ្ញាធរមូលដ្ឋាន ក្នុងការសហការសម្របសម្រួល ដើម្បីធានាឱ្យគម្រោងនេះអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព និងសម្រេចជោគជ័យជាស្ថាពរតាមផែនការគ្រោងទុក។
គួរបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ គឺជាគម្រោងជំហានទី១ សម្រាប់ការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ឱ្យមានប្រសិទ្ធភាព សំដៅថែរក្សាបរិស្ថាន និងសុខភាពប្រជាជន។
គម្រោងនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២ ០០០ម៣/ថ្ងៃ ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង បណ្តាញប្រព័ន្ធបង្ហូរទឹកកខ្វក់ រួមមានលូមេ លូខ្នែង លូខ្នែងរង ប្រវែងសរុបប្រមាណ ១២៥គ.ម ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ប្រវែងសរុបប្រមាណ ៥.៣គ.ម និងតំណភ្ជាប់លូទឹកកខ្វក់តាមខ្នងផ្ទះសរុប ១០ ០០០តំណ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)